លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ថា អ៊ីរ៉ង់ ត្រូវតែចរចាលើកម្មវិធីមីស៊ីលរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា កំពុងធ្វើការលើរ៉ូក្កែតដែលអាចវាយប្រហារដល់សហរដ្ឋអាមេរិក។

លោក Rubio បានប្រាប់អ្នកសារព័ត៌មាននៅមុនថ្ងៃនៃការចរចាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ថា «ខ្ញុំសូមនិយាយថា ភាពរឹងរូសរបស់អ៊ីរ៉ង់ក្នុងការមិនពិភាក្សាអំពីមីស៊ីលបាលីស្ទីកគឺជាបញ្ហាធំមួយ»។

ទោះជាយ៉ាងណា លោក Rubio បានបញ្ចៀសការពិពណ៌នាអំពីថាតើការចរចានៅទីក្រុងហ្សឺណែវនឹងក្លាយជាពេលវេលាធ្វើ ឬមិនធ្វើ ក្នុងការសម្រេចចិត្តថាតើសហរដ្ឋអាមេរិកនឹងវាយប្រហារលើអ៊ីរ៉ង់ ឬយ៉ាងណា។
លោក Rubio បាននិយាយក្នុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេស Saint Kitts and Nevis តំបន់សមុទ្រការ៉ាអ៊ីពថា «លោកប្រធានាធិបតី ចង់បានដំណោះស្រាយផ្នែកការទូត ហើយចំពោះកិច្ចចរចា «សង្ឃឹមថាវានឹងមានផលិតភាព ប៉ុន្តែនៅទីបំផុតយើងនឹងត្រូវមានកិច្ចសន្ទនាអំពីអ្វីដែលច្រើនជាងកម្មវិធីនុយក្លេអ៊ែរ»ទៅទៀត។
ស្តីពីការវាយប្រហារដែលអាចកើតមានលើប្រទេសអ៊ីរ៉ង់ លោក Rubio បាននិយាយថា «លោកប្រធានាធិបតី មិនទាន់បានធ្វើការសម្រេចចិត្តលើរឿងនេះនៅឡើយទេ ដូច្នេះខ្ញុំមិនដឹងថាតើនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះជាកាលបរិច្ឆេទសំខាន់សម្រាប់រឿងនោះឬយ៉ាងណានោះ។ ខ្ញុំគិតថាវឌ្ឍនភាព ត្រូវតែធ្វើឡើង»។