មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃពុធ២៥ កុម្ភៈសប្ដាហ៍នេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយដៃគូពាណិជ្ជកម្ម និងស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្មទៅវិញទៅមក ខណៈខ្លួនបានចេញការពិនិត្យឡើងវិញអំពីសេដ្ឋកិច្ចអាមេរិក។

ការរកឃើញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានគ្របដណ្តប់លើឆ្នាំដំបូងនៃអាណត្តិប្រធានាធិបតីលើកទីពីររបស់លោក Donald Trump ដែលលោកបានដំឡើងពន្ធយ៉ាងទូលំទូលាយលើសម្ព័ន្ធមិត្ត និងដៃគូប្រកួតប្រជែង ខណៈលោកបានស្វែងរកការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងជំរុញការផលិតក្នុងស្រុក។ ប៉ុន្តែពន្ធដដែលៗរបស់លោកបានធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ។
លោកស្រី Kristalina Georgieva ប្រធាន IMF បានប្រាប់អ្នកសារព័ត៌មានថា របាយការណ៍នេះត្រូវបានរៀបចំឡើងមុនពេលតុលាការកំពូលអាមេរិកលុបចោលពន្ធជាច្រើនរបស់លោក Trump កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
IMF បានកត់សម្គាល់ថា ក្នុងអំឡុងឆ្នាំនេះ រដ្ឋបាលលោក Trump ក៏បានស្វែងរកការកាត់បន្ថយការពឹងផ្អែកលើកម្មករអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងកាត់បន្ថយតួនាទីរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងសេដ្ឋកិច្ច ផងដែរ។
ប៉ុន្តែមូលនិធិនេះបាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនគួរតែធ្វើការប្រកបដោយស្ថាបនាជាមួយដៃគូ ដើម្បីដោះស្រាយការព្រួយបារម្ភអំពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងយល់ព្រមលើការកាត់បន្ថយការរឹតត្បិតពាណិជ្ជកម្ម និងការបង្ខូចទ្រង់ទ្រាយគោលនយោបាយឧស្សាហកម្មដែលមានផលប៉ះពាល់អវិជ្ជមានឆ្លងកាត់ព្រំដែន៕

