លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានអំពាវនាវសម្រាប់ភាពជាដៃគូនិងការសន្ទនាជាមួយប្រទេសចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ក្នុងគោលបំណងកំណត់ឡើងវិញនូវទំនាក់ទំនងដែលមិនច្បាស់លាស់ដោយឱនភាពពាណិជ្ជកម្មដ៏គួរឱ្យព្រួយបារម្ភជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងនាមជាអធិការបតី លោក Merz ដែលអមដំណើរដោយគណៈប្រតិភូធុរកិច្ច បានប្រាប់លោកប្រធានាធិបតី Xi Jinping ថា លោកចង់ធ្វើឱ្យស៊ីជម្រៅនូវអ្វីដែលលោកចាត់ទុកថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ កាលពីឆ្នាំមុន។

លោក Xi បានស្វាគមន៍ចំពោះគំនិតពីលោក Merz ដែលប្រឈមនឹងសកម្មភាពតុល្យភាពដ៏តានតឹងក្នុងការកំណត់ឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចដែលមិនអំណោយផលចំពោះប្រទេសអាល្លឺម៉ង់ ប៉ុន្តែវានៅតែជាចំណុចកណ្តាលនៃផលប្រយោជន៍ឧស្សាហកម្មស្នូលរបស់ខ្លួន។ លោកនិយាយថា «ពិភពលោកកាន់តែមានភាពច្របូកច្របល់និងជាប់ទាក់ទងគ្នា ប្រទេសចិននិងអាល្លឺម៉ង់កាន់ចាំបាច់ត្រូវពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក»។
ដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ខណៈមេដឹកនាំអឺរ៉ុប ក៏បានសម្លឹងមើលការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន បន្ទាប់ពីជម្លោះកាន់តែរីកធំជាមួយរដ្ឋបាលលោក Trump នៅទីក្រុងវ៉ាស៊ីនតោន។