លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ថា អត្រាដំឡើងពន្ធរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសមួយចំនួននឹងកើនឡើងដល់១៥ភាគរយ ឬខ្ពស់ជាងនេះពី១០ភាគរយដែលបានដំឡើងថ្មី ដោយមិនបានដាក់ឈ្មោះដៃគូពាណិជ្ជកម្មជាក់លាក់ណាមួយ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោក Greer បានប្រាប់កម្មវិធី «Mornings with Maria» របស់ Fox Business Network ថា រដ្ឋបាលលោក Trump ពុំមានបំណងដំឡើងពន្ធលើទំនិញរបស់ប្រទេសចិនលើសពីកម្រិតបច្ចុប្បន្នទេ ខណៈ ប្រធានាធិបតីអាមេរិក លោក Donald Trump មានផែនការធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Greer បាននិយាយថា «បច្ចុប្បន្ន យើងមានការដំឡើងពន្ធ១០ភាគរយ។ វានឹងឡើងដល់១៥ ភាគរយសម្រាប់ប្រទេសមួយចំនួន ហើយក្រោយមកវាអាចនឹងខ្ពស់ជាងនេះសម្រាប់ប្រទេសផ្សេងទៀត ហើយខ្ញុំគិតថា វានឹងស្របតាមប្រភេទពន្ធដែលយើងមើលឃើញ»។
ថ្លែងតាម Bloomberg TV លោក Greer បាននិយាយថា សេតវិមានកំពុងរៀបចំសេចក្តីប្រកាសមួយដើម្បីបង្កើនការដំឡើងពន្ធបណ្តោះអាសន្នដល់១៥ភាគរយនៅកន្លែងដែលសមស្រប។ លោកបាននិយាយបន្ថែមថា វាក៏នឹង «សម្របសម្រួល» ដល់បណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
លោកនិយាយថា រដ្ឋបាលនេះមានបំណងធ្វើឲ្យប្រាកដថា ខ្លួនអនុវត្តដំណើរការផ្លូវច្បាប់ត្រឹមត្រូវសម្រាប់ការដំឡើងពន្ធ។