អាជ្ញាធរនៅក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កាលពីពេលថ្មីៗនេះឡើងដល់៤៦នាក់ បន្ទាប់ពីលំនៅឋានជាច្រើនខ្នងនិងក្រុងនានា ត្រូវបានគ្របដណ្ដប់ដោយដីល្បប់ និងកម្ទេចកម្ទី។

នាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ បានចេញផ្សាយតួលេខដែលបានកែប្រែកាលពីថ្ងៃពុធ ដោយនិយាយថាមនុស្សប្រហែល ២១ នាក់នៅតែបាត់ខ្លួន។ អ្នកស្លាប់ចំនួន ៤០ នាក់នៅក្នុងទីក្រុង Juiz de Fora ខណៈ ៦ នាក់ផ្សេងទៀតនៅខេត្ត Uba ដែលនៅក្បែរនោះ។

ប្រជាជនប្រហែល ៣.៦០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ ជាកន្លែងដែលក្រុមសង្គ្រោះបន្ទាន់បន្តធ្វើប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។ អ្នកស្រី Josiane Aparecida អាយុ ៤៣ ឆ្នាំ ជាចុងភៅនៅទីក្រុង Juiz de Fora បាននិយាយថា ម្តាយមីង និងបងប្អូនជីដូនមួយរបស់នាងពីរនាក់ បានស្លាប់ដោយសារបំណាក់ដី ហើយមិត្តភក្តិនិងបងប្អូនជីដូនមួយរបស់នាងនិងកុមារពីរនាក់ នៅតែបាត់ខ្លួន។ «យើងមានសង្ឃឹម ប៉ុន្តែសង្ឃឹមតិច ព្រោះវាពិបាករកក្នុងស្ថានភាពបែបនេះ។ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសប្រេស៊ីល បានបណ្តាលឱ្យផ្លូវទឹកហូរច្រោះច្រាំងទន្លេ ហើយដីប្រែជាទន់ជ្រាយនៅលើភ្នំ ខណៈទឹកដីល្បប់បានហូរនាំលំនៅឋានច្រើនខ្នងនិងមនុស្សរាប់សិបនាក់។ ក្រុមអ្នកពន្លត់អគ្គិភ័យបាននិយាយថា អ្នកទាំងឡាយដែលនៅតែបាត់ខ្លួនទំនងជាមិនអាចរកឃើញនៅរស់រានជីវិតនោះទេ។ អំឡុងភ្លៀងធ្លាក់ខ្លាំងជាញឹកញាប់បណ្តាលឱ្យមានទឹកជំនន់ធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រទេសប្រេស៊ីល ជាកន្លែងដែលសហគមន៍ក្រីក្រ និងអ្នកដែលរស់នៅក្នុងរចនាសម្ព័ន្ធដែលពុំបានធ្វើឲ្យប្រសើរ ជារឿយៗមើលឃើញថាមានហានិភ័យខ្ពស់។