គណៈកម្មាធិការការពារអ្នកកាសែត CPJ បាននិយាយកាលពីថ្ងៃពុធ (២៥ កុម្ភៈ) ថា អ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ១២៩ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលធ្វើការ កាលពីឆ្នាំមុន ដែលចំនួនពីរភាគបីនៃអ្នកទាំងនោះ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល។

គណៈកម្មាធិការ CPJ ដែលជាអង្គការឯករាជ្យមួយ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដែលកត់ត្រាការវាយប្រហារលើបុគ្គលិកសារព័ត៌មាន បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ឆ្នាំ២០២៥ គឺជាឆ្នាំទីពីរជាប់ៗគ្នាហើយ ដែលការសម្លាប់អ្នកសារព័ត៌មានស្ថិតក្នុងកម្រិតកំណត់ត្រា និងជាឆ្នាំទីពីរជាប់ៗគ្នាដែលអ៊ីស្រាអែលទទួលខុសត្រូវចំពោះពីរភាគបីនៃការស្លាប់ទាំងនោះ។
ក្នុងចំណោមតួលេខសរុប របាយការណ៍នេះនិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកកាសែតចំនួន ៨៦នាក់ ក្នុងឆ្នាំ២០២៥ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ប៉ុន្តែក៏រួមបញ្ចូលបុគ្គលិកចំនួន ៣១នាក់ផងដែរក្នុងការវាយប្រហារលើមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ួទីនៅប្រទេសយេម៉ែន ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតទីពីរដែល CPJ ធ្លាប់បានកត់ត្រាទុក។
អ៊ីស្រាអែលក៏ទទួលខុសត្រូវចំពោះអត្រា ៨១% នៃការសម្លាប់មនុស្ស ៤៧នាក់ដែល CPJ បានចាត់ថ្នាក់ថាជាគោលដៅដោយចេតនា ឬ «ឃាតកម្ម»។ CPJ បាននិយាយថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ដោយសារតែការរឹតបន្តឹងដែលធ្វើឱ្យការផ្ទៀងផ្ទាត់នៅក្នុងតំបន់ហ្កាហ្សា មានភាពលំបាក។ យោធាអ៊ីស្រាអែលនិយាយថា កងទ័ពរបស់ខ្លួននៅហ្កាហ្សា គឺផ្តោតតែលើយុទ្ធជនប៉ុណ្ណោះ៕

