ទីផ្សារភាគហ៊ុននៅអាស៊ី និងអឺរ៉ុប បានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃពុធ២៥ កុម្ភៈសប្ដាហ៍នេះ ខណៈសន្ទស្សន៍ភាគហ៊ុន Wall Street indices របស់សហរដ្ឋអាមេរិកបានបន្តកើនឡើង ដោយបន្ធូរបន្ថយការព្រួយបារម្ភអំពីវិស័យបញ្ញាសិប្បនិម្មិត AI និងមុនពេលក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia ចេញផ្សាយប្រាក់ចំណូលរបស់ខ្លួន។ផ្សារហ៊ុននៅទីក្រុងសេអ៊ូល តូក្យូ ឡុងដ៍្រ និងប៉ារីស សុទ្ធតែបានឡើងដល់កម្រិតខ្ពស់បំផុតលើសថ្ងៃមុនៗ ។

នៅទីក្រុងញូវយ៉ក ផ្សារហ៊ុន Nasdaq ដែលផ្តោតលើបច្ចេកវិទ្យាបាននាំមុខគេម្តងទៀត ដោយកើនឡើង ១,៣ ភាគរយ។

លោក Matt Britzman អ្នកវិភាគផ្សារភាគហ៊ុនជាន់ខ្ពស់នៅក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Hargreaves Lansdown នៅអង់គ្លេស បានកត់សម្គាល់ថា ភាគហ៊ុនសកលបានកើនឡើង ខណៈក្ដីបារម្ភពីភាពជឿនលឿនរបស់ AI បានថយចុះបន្តិច។
ក្រុមវិនិយោគិនបានទទួលយកទស្សនៈវិជ្ជមានជាងមុន បន្ទាប់ពីបទបង្ហាញដោយក្រុមហ៊ុន AI Anthropic ដែលបានសង្កត់ធ្ងន់លើសមត្ថភាពស្របគ្នានៃបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងកម្មវិធីដែលមានស្រាប់។
មុននេះ ផ្សារហ៊ុន Kospi របស់ទីក្រុងសេអ៊ូលបានឡើងដល់ ៦.០០០ ពិន្ទុជាលើកដំបូង ដែលបាននាំមុខម្តងទៀតដោយក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Samsung និង SK hynix។ សន្ទស្សន៍នេះបានកើនឡើងជាង ៤០ ភាគរយនៅឆ្នាំនេះ ដោយបានកើនឡើង ៧៦ ភាគរយនៅឆ្នាំ ២០២៥។

ផ្សារភាគហ៊ុនទីក្រុងតូក្យូបានកើនឡើងជាងពីរភាគរយឈានដល់កម្រិតកំពូលថ្មី ដោយក្រុមហ៊ុនបច្ចេកវិទ្យា Advantest និង Tokyo Electron ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលមានដំណើរការល្អបំផុត។
នៅអឺរ៉ុប ភាគហ៊ុននៅក្នុងក្រុមហ៊ុន HSBC របស់អង់គ្លេស បានកើនឡើង ៦,៧ ភាគរយ បន្ទាប់ពីធនាគារពិភពលោកបានប្រកាសពីប្រាក់ចំណូលឆ្នាំ ២០២៥ ល្អជាងការរំពឹងទុក៕