បាល់ទាត់៖ អ្នកចាំទី Everton, Jordan Pickford នឹងមិនអាចជួយក្រុមជំរើសជាតិអង់គ្លេស បានឡើយក្នុងវគ្គជំរុះ World Cup ២០២២ បីប្រកួតក្នុងខែនេះដោយសារបញ្ហារបួសសាច់ដុំ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះត្រូវបានបង្ខំប្តូរចេញមុនចប់វគ្គទី១ ក្នុងការប្រកួតដែល Everton ចាញ់ Burnley ២-១ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍។
ក្លិប Everton បានបញ្ជាក់ថា Jordan Pickford នឹងអវត្តមាននៅពេល Everton ជួប Manchester City នៅវគ្គ ៨ក្រុមចុងក្រោយ FA Cup ចុងសប្តាហ៍នេះ ក៏ដូចជាការប្រកួត ៣ប្រកួតឲ្យក្រុមជំរើសជាតិទល់នឹងសាន់ម៉ារីណូ អាល់បានី និងប៉ូឡូញ។ អ្នកចាត់ការក្រុមជំរើសជាតិអង់គ្លេសលោក Gareth Southgate នឹងប្រកាសបញ្ជីឈ្មោះកីឡាករថ្ងៃព្រហស្បតិ៍នេះ។ រំលឹកថា Jordan Pickford ធ្លាប់បានបង្ហាញខ្លួនឲ្យអង់គ្លេស ៣០លើកដែលបូករួមទាំងនៅ World Cup ២០១៨ និង UEFA Nations League ឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ