មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទទ្វារការសន្ទនាជាមួយប្រទេសកូរ៉េខាងត្បូង ដោយអះអាងថា កងកម្លាំងរបស់លោកអាច «បំផ្លាញទាំងស្រុង» ប្រទេសជិតខាងភាគខាងត្បូងរបស់លោក ខណៈក៏បានបង្ហាញសញ្ញាថា អនាគតនៃការសន្ទនាជាមួយសហរដ្ឋអាមេរិក តម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលគោលនយោបាយ «អរិភាព» ចំពោះទីក្រុងព្យុងយ៉ាង។
លោក គីម បាននិយាយកាលពីថ្ងៃពុធថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន «គោរពឋានៈបច្ចុប្បន្នរបស់ប្រទេសយើង ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយដកគោលនយោបាយអរិភាពរបស់ខ្លួន គ្មានហេតុផលណាដែលយើងមិនអាចចុះសម្រុងជាមួយសហរដ្ឋអាមេរិកនោះទេ» ខណៈប្រទេសនេះបានបញ្ចប់កិច្ចប្រជុំសំខាន់មួយសប្តាហ៍ធ្វើឡើងដោយគណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច។
យោងតាមរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ផ្លូវការរបស់កូរ៉េខាងជើងបានឲ្យដឹងថា លោកគីម ក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍប្រព័ន្ធអាវុធថ្មី ដើម្បីជំរុញយោធាប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់លោក។ លោក គីម បានកំណត់មីស៊ីលបាលីស្ទីកអន្តរទ្វីប អាចបាញ់ចេញពីក្រោមទឹកនិងឃ្លាំងអាវុធនុយក្លេអ៊ែរតាកទិកដែលបានពង្រីក ដូចជាកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយជិតមានសមត្ថភាពវាយប្រហារកូរ៉េខាងត្បូង។

លោកនិយាយថា ការអភិវឌ្ឍដ៏ឆាប់រហ័សនៃកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាន «ពង្រឹងជាអចិន្ត្រៃយ៍» ឋានៈរបស់ប្រទេស ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ។ លោក គីម និយាយថា «ឋានៈរបស់យើងជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ មានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមានរបស់សត្រូវ និងរក្សាស្ថិរភាពក្នុងតំបន់» ដោយចាត់ទុកអាវុធនុយក្លេអ៊ែររបស់ប្រទេសថាជា «ការធានា និងជាឧបករណ៍សុវត្ថិភាព» នៃសន្តិសុខ និងផលប្រយោជន៍របស់ខ្លួន។
