ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅលើ បណ្តាញ Telegram ផ្លូវការរបស់លោកថា ជំនួបត្រីភាគីរវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវបានគ្រោងធ្វើនៅដើមខែមីនាខាងមុខនេះ។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែកុម្ភៈ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីក្របខ័ណ្ឌសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនាពេលខាងមុខ។

លោក Volodymyr Zelenskyy បាននិយាយថា «ទើបតែបានសន្ទនាជាមួយលោកប្រធានាធិបតី Donald Trump។ អ្នកតំណាងរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ក៏បានចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទនេះដែរ។ ក្រុមការងាររបស់យើងកំពុងធ្វើការយ៉ាងសកម្ម ហើយខ្ញុំសូមអរគុណដល់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការចរចា និងជួយបញ្ចប់សង្គ្រាម»។
អ៊ុយក្រែន រំពឹងថា កិច្ចពិភាក្សាទាំងនេះនឹងបម្រើជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរទៅរកការចរចាដោយផ្ទាល់ក្នុងកម្រិតមេដឹកនាំ។ លោកប្រធានាធិបតី Trump បានសម្តែងការគាំទ្រចំពោះជំហានជាបន្តបន្ទាប់ទាំងនេះ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីរបៀបវារៈសម្រាប់ជំនួបទ្វេភាគីនាពេលខាងមុខរវាងអ្នកតំណាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ។ កិច្ចពិភាក្សាទាំងនេះ មានបំណងរៀបចំសម្រាប់កិច្ចប្រជុំត្រីភាគីពេញលេញនៃក្រុមចរចានៅដើមខែមីនា។
លោក Zelenskyy បានសង្កត់ធ្ងន់ថា វិធីសាស្រ្តនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាដ៏រសើប និងបញ្ចប់ការឈ្លានពានទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។
