ប្រទេសអ៊ីរ៉ង់បានផ្ទុកប្រេងលើនាវាដឹកប្រេងក្នុងល្បឿនដ៏លឿនខុសពីធម្មតា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាសញ្ញាដែលអាចជាលទ្ធភាពនៃការត្រៀមខ្លួនរបស់រដ្ឋឈូងសមុទ្រពែរ្សមួយនេះ ក្នុងករណីមានការវាយប្រហារពីសហរដ្ឋអាមេរិក។
ទិន្នន័យពីវេទិកាវិភាគ Kpler បង្ហាញថា ការនាំចេញពីកោះ Kharg ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានជិត ២០,១លានបារ៉ែល។ ចំនួននោះគឺស្ទើរតែមានកម្រិត ៣ដងនៃបរិមាណដែលបានផ្ទុកក្នុងរយៈពេលដូចគ្នា នៅក្នុងខែមករា ហើយស្មើនឹងជាង ៣លានបារ៉ែល ក្នុងមួយថ្ងៃ ដែលលើសពីអត្រាប្រចាំថ្ងៃធម្មតារបស់ទីក្រុងតេអេរ៉ង់។

ការកើនឡើងនេះកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិកប្រមូលផ្តុំកម្លាំងប្រយុទ្ធយ៉ាងច្រើនបំផុតជាលើកដំបូង នៅតំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីសង្គ្រាមឈូងសមុទ្រលើកទី២ ក្នុងឆ្នាំ២០០៣។
នៅឆ្នាំ២០២៥ មិនយូរប៉ុន្មានមុនពេលការវាយប្រហារតាមអាកាសរបស់អាមេរិក អ៊ីរ៉ង់បានប្រញាប់ប្រញាល់យកប្រេងចេញពីកំពង់ផែរបស់ខ្លួន ដោយដឹកជញ្ជូនប្រេងយ៉ាងច្រើនទៅដាក់លើនាវាដឹកប្រេង និងបញ្ជូនប្រេងឲ្យបានច្រើនតាមដែលអាច ទៅកោះ Kharg។ គំរូស្រដៀងគ្នានេះ ក៏ត្រូវបានគេសង្កេតឃើញនៅឆ្នាំ២០២៤ ក្នុងអំឡុងពេលភាពតានតឹងកាន់តែឡើងកម្ដៅ។
គេមិនទាន់ច្បាស់នោះទេថា នឹងមានអ្វីកើតឡើង ចំពោះនាវាដែលបានផ្ទុកប្រេងទាំងនោះ នាពេលនេះ ប៉ុន្តែវាអាចទៅរួច ដែលថា នាវាទាងនោះនឹងត្រូវធ្វើដំណើរបែកខ្ញែកក្នុងទិសដៅផ្សេងៗគ្នា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារនៅទីបំផុតនោះ។ នេះបើយោងតាមលោក Samir Madani សហស្ថាបនិកនៃវេបសាយ TankerTrackers.com ដែលមានជំនាញក្នុងការវិភាគរូបភាពផ្កាយរណប៕

