អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) បានលើកឡើងថា ទីក្រុងប៊ែរឡាំង រំពឹងថា អ៊ីរ៉ង់នឹងចាប់យកឱកាសនេះ ដើម្បីចូលរួមប្រកបដោយការស្ថាបនា អំឡុងកិច្ចចរចានុយក្លេអ៊ែរ នាថ្ងៃព្រហស្បតិ៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាមួយគ្នានេះ សម្រាប់រូបលោកផ្ទាល់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានបញ្ជាក់ថា អ៊ីរ៉ង់ត្រូវតែប្តេជ្ញាចិត្ត ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធហាហ៉ាសនៅតំបន់ហ្កាហ្សា ក្រុមហេបូឡានៅប្រទេសលីបង់ និងក្រុមហ៊ួធីនៅប្រទេសយេម៉ែន។

លើសពីនោះទៀត អំឡុងពេលថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីបែលហ្ស៊ិករបស់លោក គឺលោក Maxime Prevot លោកបានបន្ថែមថា អាល្លឺម៉ង់មាន «ការទទួលខុសត្រូវជាពិសេស ចំពោះសន្តិសុខរបស់រដ្ឋអ៊ីស្រាអែល»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបើកកិច្ចចរចាជុំចុងក្រោយបំផុត នៅទីក្រុងហ្សឺណែវ នាថ្ងៃព្រហស្បតិ៍នេះ ដោយមានគោលបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរយូរអង្វែងរបស់ភាគីទាំង២ និងទប់ស្កាត់ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បន្ទាប់ពីមានការបង្កើនកម្លាំងយោធាទ្រង់ទ្រាយធំ។
ប្រទេសទាំង២ បានចាប់ផ្ដើមការចរចាឡើងវិញនៅខែនេះ ដោយសង្ឃឹមថា នឹងអាចរកឃើញច្រកចេញ ចំពោះភាពជាប់គាំងអស់ជាច្រើនទសវត្សរ៍ ជុំវីញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន រដ្ឋលោកខាងលិចផ្សេងទៀត និងអ៊ីស្រាអែល ជឿថា មានគោលបំណងផលិតអាវុធនុយក្លេអ៊ែរ ជាការលើកឡើងដែលទីក្រុងតេអេរ៉ង់បដិសេធ៕
