គណបក្សនយោបាយថៃមួយ ដែលបានឈ្នះលំដាប់ទី២ នៅក្នុងការបោះឆ្នោតនាខែនេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រឆាំងនឹងមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស ដោយចោទប្រកាន់ពួកគេពីបទរំលោភច្បាប់បោះឆ្នោត។ នេះបើយោងតាមអនុប្រធានគណបក្សដែលបានប្រាប់សារព័ត៌មាន AFP។
អនុប្រធានគណបក្ស លោក Wayo Assawarungruang (វ៉ាយ៉ូ អាសាវៈរុងរឿង) បាននិយាយថា ក្រុមកំណែទម្រង់ គឺគណបក្សប្រជាជន (People’s Party) «បានដាក់ពាក្យបណ្ដឹង» ទៅតុលាការព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលទទួលខុសត្រូវការបោះឆ្នោតចំនួន ៧រូប អគ្គលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោត និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ទៀត។

លោក Wayo បាននិយាយថា៖ «ការចោទប្រកាន់ ២ករណី ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចដោយមិនត្រឹមត្រូវ ហើយការចោទប្រកាន់ករណីចុងក្រោយដែលយើងបានអះអាង គឺពាក់ព័ន្ធនឹងការបង្កើតសន្លឹកឆ្នោតដែលមានឃ្យូអកូដ (QR) និងបាកូដ (Barcode) ដែលអាចឲ្យសន្លឹកឆ្នោតត្រូវបានតាមដាន និងមិនត្រូវបានរក្សាទុកជាសម្ងាត់ដូចដែលវាគួរតែមាន»។
យោងតាមលោក Wayo បានឲ្យដឹង តុលាការព្រហ្មទណ្ឌ ទទួលបន្ទុកសំណុំរឿងអំពើពុករលួយ និងការប្រព្រឹត្តិអំពើមិនត្រឹមត្រូវ បានប្រាប់ថា ខ្លួននឹងសម្រេចថា តើត្រូវបើកសវនាការសំណុំរឿងនេះដែរ ឬអត់នៅថ្ងៃទី២៤ ខែមីនា។ ប្រសិនបើតុលាការទទួលយកសំណុំរឿងនេះ អ្នកទាំង ៩រូបនេះ ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលយូរបំផុត ២០ឆ្នាំ និងការបាត់បង់សិទ្ធិនយោបាយរយៈពេល ១ទសវត្សរ៍។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ជាក់ពីជ័យជម្នះរបស់គណបក្សភូមិចៃថៃ (Bhumjaithai) ដែលជាក្រុមអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul កាលពីថ្ងៃពុធ ដោយបានផ្តល់សច្ចាប័នលើលទ្ធផលបោះឆ្នោតភាគច្រើន៕


