ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា អត្រាកំណើតនៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះរយៈពេល ១០ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ ២០២៥ ដែលវាឆ្លុះបញ្ចាំងពីការលំបាកមួយសម្រាប់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi ។
ទិន្នន័យបឋមពីក្រសួងសុខាភិបាលជប៉ុន បង្ហាញថា ទារកសរុបចំនួន ៧០៥.៨០៩នាក់ បានកើតនៅក្នុងប្រទេសជប៉ុន ពោលគឺធ្លាក់ចុះ ២,១ភាគរយពីឆ្នាំ ២០២៤ ។
ទិន្នន័យនេះ រួមបញ្ចូលទាំងកំណើតជនជាតិជប៉ុននៅប្រទេសជប៉ុន កំណើតជនបរទេសនៅប្រទេសជប៉ុន និងកំណើតជនជាតិជប៉ុននៅបរទេស ។

ខណៈពេលនោះដែរ ស្វាមី-ភរិយាថ្មី ៥០៥.៦៥៦គូ បានរៀបការក្នុងឆ្នាំ ២០២៥ ពោលគឺកើនឡើងចំនួន ១,១ភាគរយ ខណៈចំនួនលែងលះគ្នា បានធ្លាក់ចុះ ៣,៧ភាគរយ មកនៅចំនួន ១៨២.៩៦៩គូ ។ មាននូវមនុស្សស្លាប់ចំនួន ១.៦០៥.៦៥៤នាក់ផងដែរ ពោលគឺធ្លាក់ចុះចំនួន ១៣.០៣០នាក់ ឬស្មើនឹង ៨ភាគរយ ពីឆ្នាំ ២០២៤ ។
ប្រទេសសេដ្ឋកិច្ចធំបំផុតទី ៤របស់ពិភពលោកមួយនេះ ស្ថិតនៅក្នុងចំណោមប្រទេសមានអត្រាកំណើតទាបជាងគេបំផុតនៅលើពិភពលោក មាននូវចំនួនពលរដ្ឋធ្លាក់ចុះ និងមាននូវចំនួនមនុស្សកាន់តែចាស់ជរា ៕
