អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) កាលពីថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានសម្លាប់ រំលោភបំពាន និងកំណត់គោលដៅលើជនមានពិការភាព ក្នុងអំឡុងពេល និងក្រោយពេលពួកគេដណ្តើមកាន់កាប់ទីក្រុង al-Fashir ដោយចាត់ទុកថា នេះគឺជាលើកដំបូង ដែលខ្លួនបានកត់ត្រាពីការរំលោភបំពាន «ប្រភេទនេះ និងមានទំហំបែបនេះ"។
កងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានប្រយុទ្ធទល់នឹងកងទ័ពស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ បានដណ្តើមកាន់កាប់បន្ទាយចុងក្រោយរបស់យោធា នៅភាគខាងលិចតំបន់ Darfur ក្នុងខែតុលា បន្ទាប់ពីមានការឡោមព័ទ្ធរយៈពេល ១៨ខែ។

ក្រោយមក របាយការណ៍នានា បានបង្ហាញអំពីការសម្លាប់រង្គាល ការចាប់ពង្រត់ ការចាប់រំលោភ និងការលួចប្លន់យ៉ាងទូលំទូលាយ។ កាលពីសប្តាហ៍មុន បេសកកម្មស្វែងរកការពិតឯករាជ្យរបស់អង្គការសហប្រជាជាតិ ស្ដីបីប្រទេសស៊ូដង់ បានឲ្យដឹងថា ការវាយប្រហារលើទីក្រុង al-Fashir បានបង្ហាញនូវ «គំរូនៃអំពើប្រល័យពូជសាសន៍"។
នាយករងសិទ្ធិជនមានពិការភាពរបស់ក្រុមនេះ លោកស្រី Emina Cerimovic បាននិយាយថា៖ «អង្គការឃ្លាំមើលសិទ្ធិមនុស្សបានកត់ត្រាការរំលោភបំពាន លើជនមានពិការភាព ក្នុងជម្លោះប្រដាប់អាវុធ ជុំវិញពិភពលោកអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។ ប៉ុន្តែនេះជាលើកដំបូងដែលយើងបានកត់ត្រាការរំលោភបំពានប្រភេទនេះ និងមានទំហំបែបនេះ»។
HRW បានសម្ភាសអ្នករស់រានមានជីវិត និងសាក្សីចំនួន ២២នាក់ មកពីទីក្រុង al-Fashir ហើយបានរកឃើញថា យុទ្ធជនរបស់កងកម្លាំង RSF បានកំណត់គោលដៅលើជនស៊ីវិលដែលមានពិការភាព នៅពេលដែលពួកគេព្យាយាមរត់គេចខ្លួន៕

