រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយថា រុស្ស៊ីមានទស្សននៃសន្តិសុខក្នុងតំបន់ដែលនឹងត្រូវដាក់ចេញ នៅពេលអាវុធនុយក្លេអ៊ែរអាចត្រូវបានប្រើ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែង។

ការអត្ថាធិប្បាយរបស់លោក Peskov បានធ្វើឡើង ខណៈអ្នកអត្ថាធិប្បាយព័ត៌មាន CNN លោកស្រី Christiane Amanpour បានសង្កត់ធ្ងន់ឲ្យលោកបញ្ជាក់ថា តើលោកមានការជឿជាក់ ឬទុកចិត្តទេថា លោកប្រធានាធិបតី Vladimir Putin នឹងមិនប្រើជម្រើសអាវុធនុយក្លេអ៊ែរនៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែននោះ។ លោក Peskov និយាយកាលពីថ្ងៃអង្គារថា យើងមានទស្សនផ្នែកសន្តិសុខក្នុងតំបន់ និងជាសាធារណៈរបស់ខ្លួន។ អ្នកអាចអានរាល់មូលហេតុសម្រាប់អាវុធនុយក្លេអ៊ែរដែលអាចត្រូវបានប្រើ។ ដូច្នេះប្រសិនបើរដ្ឋរបស់យើងត្រូវបានរងការគំរាមកំហែង អញ្ចឹងអាវុធនុយក្លេអ៊ែរអាចត្រូវប្រើស្របទៅតាមទស្សនរបស់យើង។ សូមរម្លឹកថា កាលពីខែមុនលោក Putin បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីត្រៀមលក្ខណៈ៕
អត្ថបទ៖ សុខមាន