នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានជំរុញឲ្យភាគីទាំងអស់បន្តអត់ធ្មត់ចំពោះភាពតានតឹងកើនឡើងពាក់ព័ន្ធនឹងអ៊ីរ៉ង់ ហើយទីក្រុងប៉េកាំងនៅតែបន្តគាំទ្រដំណោះស្រាយការទូត និងនយោបាយ ខណៈជំទាស់ចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមប្រើកម្លាំង ។
សេចក្តីអត្ថាធិប្បាយរបស់ក្រសួងការបរទេសចិន បានកើតមាន ស្របពេលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ចូលរួមជុំចុងក្រោយបង្អស់របស់ខ្លួននៃកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគោលបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរជាយូរយាររបស់ពួកគេ និងបញ្ចៀសការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បន្ទាប់ពីការបង្កើនវត្តមានយោធាទ្រង់ទ្រាយធំរបស់ទីក្រុងវ៉ាស៊ីនតោន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា ចិនគាំទ្រអ៊ីរ៉ង់ឲ្យការពារស្ថិរភាពជាតិ និងសិទ្ធិស្របច្បាប់ ហើយនិងអំពាវនាវឲ្យភាគីទាំងអស់ ត្រូវដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា ហើយទីក្រុងប៉េកាំង បានត្រៀមរួចរាល់ក្នុងការដើរតួដោយមានទំនួលខុសត្រូវ ក្នុងការលើកកម្ពស់សន្តិភាព ។
អ្នកស្រីបន្តថា ពួកយើងកំពុងយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះដំណើរវិវត្តន៍ចុងក្រោយនៃស្ថានភាពនៅអ៊ីរ៉ង់ ។ ចិនតែងតែគាំទ្រការដោះស្រាយបញ្ហាតាមបណ្តាញការទូត និងនយោបាយ ហើយនិងជំទាស់ការប្រើប្រាស់កម្លាំង ឬការគំរាមប្រើប្រាស់កម្លាំង នៅក្នុងទំនាក់ទំនងអន្តរជាតិ ។
អ្នកស្រី Mao និយាយទៀតថា ប្រជាជនចិន និងប្រជាជនអ៊ីរ៉ង់ មាននូវទំនាក់ទំនងមេត្រីភាពជាមួយគ្នាជាយូរមកហើយ ។ ចិនគាំទ្ររដ្ឋាភិបាលអ៊ីរ៉ង់ និងប្រជាពលរដ្ឋអ៊ីរ៉ង់ ការពារស្ថិរភាពជាតិ និងសិទ្វិស្របច្បាប់របស់ពួកគេ ។ ពួកយើងសង្ឃឹមថា ភាគីទាំងអស់ នឹងស្រលាញ់សន្តិភាព បន្តការអត់ធ្មត់ ហើយនិងដោះស្រាយការខ្វែងគំនិតតាមកិច្ចសន្ទនា ៕
