ទឹកជំនន់ដែលកំពុងបន្តកើតមាននៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បានបង្ខំឲ្យអ្នកភូមិចំនួន ៤.៤៥៨នាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។
ជនរងគ្រោះទាំងនេះ ដែលមកពីតំបន់ Sook, Sipitang, Beaufort, Membakut និង Tenom កំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងជម្រកចំនួន ១៤៦កន្លែង។ ហើយចំនួនអ្នកជម្លៀសនៅតំបន់ Beaufort និង Tenom ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។

គិតត្រឹមម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក) នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ កងកម្លាំងការពារជនស៊ីវិល បានកត់ត្រាមនុស្សចំនួន ១.២៣១នាក់ដែលមកពី ៣៨៤គ្រួសារ កំពុងជ្រកកោនក្នុងជម្រកនៅតំបន់ Beaufort និង ២.៤០៦នាក់ដែលមកពី ៧៩៥គ្រួសារ នៅតំបន់ Tenom។ នៅតំបន់ Sook, Sipitang និង Membakut ចំនួននៅតែមិនមានការប្រែប្រួលឡើយ សម្រាប់ពេលនេះ ដោយសារស្ថានភាពអាកាសធាតុបានប្រសើរឡើងវិញ។
គួរបញ្ជាក់ថា ទឹកជំនន់បានរំខានដល់សេវាកម្មសំខាន់ៗ ដោយបង្ខំឲ្យមានការពន្យារពេលប្រតិបត្តិការ នៅការិយាល័យរដ្ឋាភិបាល និងសាខាមូលនិធិសោធននិវត្តន៍និយោជិត (EPF) នៅតំបន់ Beaufort។
សាលារៀនជាង ២៧កន្លែង នៅតែបិទទ្វារដដែល តែសិស្សដែលកំពុងធ្វើការប្រឡងសំខាន់ៗ ត្រូវបានជួយដោយអ្នកជួយសង្គ្រោះ ដើម្បីបានទៅដល់មជ្ឈមណ្ឌលប្រឡងរបស់ពួកគេ។
ទន្ទឹមនឹងនេះដែរ តំបន់ភាគខាងជើង ដូចជា Paitan, Pitas និង Kota Marudu នៅតែកំពុងប្រឹងងើបឡើងវិញពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញ កាលពីសប្តាហ៍មុន។ អ្នកស្រុកដែលកំពុងវិលត្រឡប់ទៅផ្ទះសម្បែងវិញ កំពុងប្រឈមនឹងការខូចខាតលំនៅឋាន និងការបាត់បង់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់៕
