អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយអំឡុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ចិនចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្ត និងការពារមតិរួមដែលបានឈានដល់ អំឡុងការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី ៤ ខែកុម្ភៈ រវាងមេដឹកនាំទាំង ២របស់ពួកគេ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ ពុំបានកំណត់កាលបរិច្ឆេតច្បាស់លាស់នោះឡើយ ពេលសួរពីពេលវេលាពិតប្រាកដនៃកិច្ចប្រជុំពាណិជ្ជកម្មជុំទី ៦រវាងចិន និងសហរដ្ឋអាមេរិក ។
ក្រសួងពាណិជ្ជកម្មចិន និយាយកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សានឹងរៀបចំឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ចិននឹងតាមដានដោយយកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយនិងសម្រេចចិត្តថាតើពេលណា គួរកែសម្រួលវិធានការតបតចំពោះពន្ធសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងទារពន្ធថ្មីបណ្តោះអាសន្ន ១៥ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ។
សេចក្តីប្រកាសចុងក្រោយគេរបស់លោក Trump បានកើតមានឡើង ក្រោយតុលាការកំពូលបានកាត់បន្ថយពន្ធដែលបានដាក់ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិលើទំនិញដែលដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ៕
