រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់ត្រូវតែប្តេជ្ញាចិត្តចំពោះកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការគាំទ្រក្រុមប្រដាប់អាវុធហាម៉ាស នៅតំបន់ហ្កាហ្សា ក្រុមជីវពលហេសបូឡា នៅលីបង់ និងក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីបែលហ្ស៊ិកលោក Maxime Prevot លោក Wadephul បន្តថា អាល្លឺម៉ងមានទំនួលខុសត្រូវពិសេសសម្រាប់សន្តិសុខរបស់រដ្ឋអ៊ីស្រាអែល ។
លោកថា បើសិនជាទីក្រុងតេអេរ៉ង់ វិភាគស្ថានភាពជាក់ស្តែង ពួកគេគួរទទួលស្គាល់ថា ពួកគេត្រូវការចូលរួមជាមួយសហរដ្ឋអាមេរិក លើបញ្ហាទាំង ៣នេះ ។ នោះគឺជាការរំពឹងទុករបស់អឺរ៉ុបផងដែរ ពីព្រោះថា ពួកយើងរងការគំរាមកំហែងដោយសារស្ថានភាពមួយនេះ ។ អ៊ីរ៉ង់ត្រូវតែបោះបង់ចោលការគាំទ្រក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមហ៊ូធី ។
លោក Wadephul និយាយទៀតថា ចំណុចទាំងនេះ ពួកយើងធ្លាប់លើកឡើងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ជាយូរមកហើយៗលោកសង្ឃឹមថា វាដល់ពេលដែលអ៊ីរ៉ង់ត្រូវទទួលស្គាល់ការពិតថា ពួកគេត្រូវតែធ្វើសម្បទារខ្លះ ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkianបាននិយាយកាលពីថ្ងៃពុធថា លោកមើលឃើញឱកាសនៃលទ្ធផលល្អពីជុំទី ៣នៃកិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក ស្របពេលដែលគណៈប្រតិភូអ៊ីរ៉ង់ ចាកចេញទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់កិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ៕
