នាវាកងទ័ពជើងទឹកម៉ិកស៊ិក ២គ្រឿង បានចាកចេញពីកំពង់ផែ Veracruz ដឹកជំនួយមនុស្សធម៌ទម្ងន់ ១.១៩៣តោន ទៅកាន់ប្រទេសគុយបា ។
នាវា ARM Papaloapan និងនាវា ARM Huasteco ត្រូវបានសណ្តោងចេញដោយទូកអូសចូលទៅកាន់ទីតាំងចាកចេញ មុនពេលចេញដំណើរពីកំពង់ផែ ក្នុងនោះរូបភាពវីដេអូឃ្លីបយានដ្រូន ឃើញនាវាកំពុងចាកចេញ ។
យោងតាមការអះអាងរបស់អាជ្ញាធរម៉ិកស៊ិក បានឲ្យដឹងថា នាវា ARM Papaloapan ដឹកគ្រឿងផ្គត់ផ្គង់ចាំបាច់ ១.០៧៨តោន រួមមានសណ្តែកសៀង និងម៉្សៅទឹកដោះគោ ខណៈនាវា ARM Huasteco ដឹកសណ្តែកសៀង ៩២តោន និងទំនិញផ្សេងទៀតទម្ងន់ ២៣តោន ។

ការធ្វើដំណើរតាមសមុទ្រនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយពេល ៤ថ្ងៃ ទើបទៅដល់ប្រទេសកោះនៅតំបន់ការ៉ាអ៊ីបមួយនេះ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជូនជំនួយមនុស្សធម៌ជាច្រើនទៅកាន់ប្រទេសគុយបា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលពួកគេប្រឈមនឹងការលំបាកសេដ្ឋកិច្ច និងកង្វះខាតគ្រឿងចាំបាច់មូលដ្ឋាន ៕
