នាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក USS Gerald R. Ford ដែលត្រូវបានបញ្ជូនទៅសមុទ្រមេឌីទែរ៉ាណេ នាសប្តាហ៍នេះ នៅក្នុងវិធានការបង្កើនកម្លាំងយោធា ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់នោះ បានចាកចេញពីមូលដ្ឋានទ័ពជើងទឹកមួយ នៅកោះ Crete របស់ប្រទេសក្រិក នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុមុ្ភៈ ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមអ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការចេញដំណើររបស់នាវាបានកើតឡើង ខណៈដែលការចរចាដោយប្រយោលជុំថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ បានបើកដំណើរការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

នាវានេះបានស្ថិតនៅឯមូលដ្ឋាន Naval Support Activity របស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ Souda Bay នៅកោះ Crete ចាប់តាំងពីថ្ងៃចន្ទ។ ស្ថានទូតអាមេរិកនៅទីក្រុងអាតែន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញវត្តមានរបស់នាវាផ្ទុកយន្តហោះនេះ ដោយបានផ្ទេរសំណួរនេះទៅកាន់មន្ទីរបញ្ចកោណរបស់ទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យវាយប្រហារលើអ៊ីរ៉ង់កាលពីឆ្នាំមុន។ ហើយលោកបានគំរាមកំហែងម្តងហើយម្តងទៀត ចំពោះទីក្រុងតេអេរ៉ង់ ជាមួយនឹងការមានវិធានការយោធាថ្មី ប្រសិនបើខ្លួនមិនសម្រេចបានកិច្ចព្រមព្រៀងថ្មី ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួនទេនោះ ដែលលោកខាងលិច បារម្ភថា មានគោលបំណងផលិតអាវុធបរមាណូ៕
