យ៉ាងហោចណាស់មនុស្ស ២៥នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដោយក្រុមជ្រុលនិយម ចំនួន ២ ដាច់ដោយឡែកពីគ្នា ក្នុងរដ្ឋ Adamawa នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមប្រភពមូលដ្ឋាន ដែលបានប្រាប់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ។
ការវាយប្រហារនៅក្នុងទីក្រុង Madagali និង Hong ក្នុងតំបន់ព្រំដែនជាមួយប្រទេសកាមេរូន ត្រូវបានសន្មតថា ជាសា្នដៃរបស់ក្រុមជ្រុលនិយម Boko Haram ដែលយុទ្ធជនរបស់ខ្លួន បានធ្វើសកម្មភាពនៅក្នុងតំបន់នេះ ចាប់តាំងពីក្រុមនេះ បានចាប់ផ្តើមការបះបោរដ៏ហិង្សា ក្នុងឆ្នាំ២០០៩។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរដ្ឋបាលមូលដ្ឋានទីក្រុង Madagali ម្នាក់ បានប្រាប់សារព័ត៌មាន AFP អំពីការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារថា៖ «ខ្មាន់កាំភ្លើងដែលយើងជឿថា ជាក្រុម Boko Haram ជិះម៉ូតូជាច្រើនគ្រឿង បានវាយប្រហារផ្សារ។ ពួកគេបានបើកការបាញ់ប្រហារលើមនុស្ស ហើយបានសម្លាប់មនុស្ស ២១នាក់»។
ប្រភពបានបន្ថែមថា៖ «យើងនៅតែកំពុងស្វែងរកសាកសពបន្ថែមទៀត ព្រោះអ្នកខ្លះអាចបានស្លាប់នៅក្នុងព្រៃដោយសាររបួសត្រូវគ្រាប់កាំភ្លើង ខណៈពេលកំពុងព្យាយាមស្វែងរកកន្លែងសុវត្ថិភាព»។
ប្រភពដដែលបានឲ្យដឹងទៀតថា ខ្មាន់កាំភ្លើងទាំងនោះក៏បានចូលលួនប្លន់ក្នុងផ្សារមួយ ហើយលួចយកអាហារ និងម៉ូតូផងដែរ។ ចំណែកអ្នកស្រុកឈ្មោះ Ezekiel Musa បានប្រាប់សារព័ត៌មាន AFP ថា មនុស្ស៤នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងទាហាន ៣នាក់ផងដែរ ត្រូវបានសម្លាប់នៅតំបន់ជិតខាង Hong។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អភិបាលរដ្ឋ លោក Adamu Umaru Fintiri បានថ្កោលទោសការវាយប្រហារនេះតែមិនបានផ្តល់តួលេខផ្លូវការឡើយ៕
