ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) មួយ បានឲ្យដឹងថា មនុស្សជិត ៨.០០០នាក់ បានបាត់បង់ជីវិត ឬបាត់ខ្លួន កាលពីឆ្នាំមុន អំឡុងពេលធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់របស់ជនអន្តោប្រវេសន៍ ដូចជានៅទូទាំងសមុទ្រមេឌីទែរ៉ាណេ និងតំបន់ញកអាហ្វ្រិក (Horn of Africa) ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះទៀត ដោយសារការកាត់បន្ថយថវិកា បានប៉ះពាល់ដល់លទ្ធភាពចូលប្រើប្រាស់មនុស្សធម៌ និងការតាមដានការស្លាប់។
អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) បានឲ្យដឹងថា ផ្លូវស្របច្បាប់ សម្រាប់អន្តោប្រវេសន៍ កំពុងរួមតូច ដោយជំរុញឲ្យមនុស្សកាន់តែច្រើនចូលទៅក្នុងដៃរបស់ក្រុមអ្នករត់ពន្ធ ខណៈដែលអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀត បង្កើនការអនុវត្តច្បាប់ និងវិនិយោគយ៉ាងច្រើនលើការទប់ស្កាត់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ អគ្គនាយក IOM លោកស្រី Amy Pope បានលើកឡើងថា៖ «ការបាត់បង់ជីវិតជាបន្តបន្ទាប់ អំឡុងពេលធ្វើដំណើរតាមផ្លូវរបស់អន្តោប្រវេសន៍ គឺជាការបរាជ័យជាសកល ដែលយើងមិនអាចទទួលយកបានថា ជារឿងធម្មតានោះឡើយ។
លោកស្រី បានបន្ថែមថា៖ «ការស្លាប់ទាំងនេះមិនមែនជារឿងដែលចៀសមិនបាននោះឡើយ។ នៅពេលដែលផ្លូវសុវត្ថិភាពមិនអាចទៅបាន មនុស្សត្រូវបានបង្ខំចិត្តធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់ ហើយធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមរត់ពន្ធ និងជនជួញដូរមនុស្ស។ យើងត្រូវតែចាត់វិធានការឥឡូវនេះ ដើម្បីពង្រីកផ្លូវសុវត្ថិភាព និងទៀងទាត់ ហើយធានាឲ្យបានថា មនុស្សដែលមានជីវភាពក្រីក្រអាចត្រូវបានការពារដោយមិនគិតពីឋានៈរបស់ពួកគេឡើយ»។
អង្គការ IOM បានបន្ថែមថា ទោះបីជាការស្លាប់នេះ បានធ្លាក់ចុះមកត្រឹម ៧.៦៧៦នាក់ នៅឆ្នាំ២០២៥ ដោយធ្លាក់ពីកម្រិតជិត ៩.២០០នាក់នៅឆ្នាំ២០២៤ ក៏ដោយ ក៏ការធ្លាក់ចុះនេះឆ្លុះបញ្ចាំងពីការថមថយនៃការលទ្ធភាពទទួលបានមើលព័ត៌មាន និងកង្វះខាតថវិកាដែលបានរារាំងកិច្ចប្រឹងប្រែង ក្នុងការតាមដានការស្លាប់៕