បន្ទាប់ពីការចរចានុយក្លេអ៊ែរ ដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អូម៉ង់បានបញ្ជាក់ថា ភាគីទាំង២ បានបង្ហាញពី «ភាពបើកចំហ» ចំពោះដំណោះស្រាយថ្មីៗ។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះ នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ នៅលើបណ្ដាញសង្គម X ក្រសួងការបរទេសអូម៉ង់ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Badr Albusaidi ដែលកំពុងសម្របសម្រួលរវាងភាគីទាំង២ និងបានជួបជាមួយគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ បានមានអារម្មណ៍ថា ទទួលបាននូវ «ភាពបើកចំហមិនធ្លាប់មានពីមុន ពីភាគីទាំង២ ចំពោះគំនិត និងដំណោះស្រាយថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិត»។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំបុងបើកចំហ ដើម្បីបានឈានដល់កិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងយូរអង្វែង»។
សេចក្ដីថ្លែងការណ៍ក៏បានបង្ហាញផងដែរថា រដ្ឋមន្ត្រីអូម៉ង់ បានពិភាក្សាអំពីសំណើរបស់អ៊ីរ៉ង់ ដើម្បីដោះស្រាយវិបត្តិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយលោក Steve Witkoff ដែលបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
ក្រសួងបានបញ្ជាក់ថា កិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវទស្សនៈ និងសំណើរបស់ភាគីអ៊ីរ៉ង់ ក៏ដូចជាការឆ្លើយតប និងសំណួររបស់ក្រុមសហរដ្ឋអាមេរិក ទាក់ទងនឹងរបៀបដោះស្រាយចំណុចស្នូលនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការធានាដែលតម្រូវឲ្យមានធានាកិច្ចព្រមព្រៀងដែលចង់បាន នៅក្នុងទិដ្ឋភាពបច្ចេកទេស និងការត្រួតពិនិត្យទាំងអស់របស់ខ្លួន។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាជុំចុងក្រោយបំផុត នៅទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍នេះ ដែលមានគោលបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរយូរអង្វែងរបស់ភាគីទាំង២ និងបញ្ចៀសការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បន្ទាប់ពីមានការបង្កើនយោធាទ្រង់ទ្រាយធំរបស់ទីក្រុងវ៉ាស៊ីនតោន៕