ក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីននិយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីថា កងនាវាជាង ១០០គ្រឿង នឹងចាកចេញពីប្រទេសអេស្ប៉ាញទៅកាន់តំបន់ហ្កាហ្សានៅថ្ងៃទី ១២ ខែមេសាខាងមុខនេះ ក្នុងនោះនាវាមួយចំនួនទៀត នឹងចាកចេញពីកំពង់ផែនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។
នាវាទាំងនោះ នឹងដឹកគ្រូពេទ្យជំនាញ គ្រូបង្រៀន និងក្រុមអ្នកជំនាញផ្សេងទៀត ទៅកាន់តំបន់ហ្កាហ្សា ដោយមានគោលដៅបំបែកការបិទច្រករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ។
អ្នកស្រី Nadir al-Nuri គឺជាសកម្មនារីគាំទ្រប៉ាឡេស្ទីនមួយរូបមកពីម៉ាឡេស៊ី និយាយថា ក្បួនរថយន្តចំនួន ២ខ្សែ នឹងធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា តាមជើងគោក បន្ថែមពីលើកងនាវា ។
ក្រុមសកម្មជនទាំងនេះ មានបំណងនាំយកគ្រឿងផ្គត់ផ្គង់ជំនួយ និងធ្វើឲ្យមានការចាប់អារម្មណ៍ពីទុក្ខលំបាកនៅតំបន់ហ្កាហ្សា ជាទីដែលមនុស្សភាគច្រើនក្នុងចំណោមពលរដ្ឋ ២,៣លាននាក់ បានជម្លៀសខ្លួន ហើយផ្ទះសម្បែងរបស់ពួកគេ ក្លាយជាគំនរបាក់បែក ។
អ៊ីស្រាអែលប្រឈមនឹងការថ្កោលទោសសកល ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា និងភាពអត់ឃ្លានទ្រង់ទ្រាយធំ បណ្តាលមកពីការបិទច្រករបស់ពួកគេ ។
កាលពីខែតុលា ឆ្នាំមុន យោធាអ៊ីស្រាអែលបានស្កាត់កងនាវាប្រហែល ៤០គ្រឿង ពេលដែលពួកគេព្យាយាមចូលទៅដល់តំបន់ហ្កាហ្សា ដោយចាប់ខ្លួនសកម្មនារីស៊ុយអែតនាង Greta Thurnberg និងក្រុមសកម្មជនជាង ៤៥០នាក់ផ្សេងទៀត ៕