មន្រ្តីស៊ីរីមួយរូប បានបញ្ជាក់ពីការរត់គេចខ្លួនទ្រង់ទ្រាយធំចេញពីជំរំដាក់សាច់ញាតិក្រុមយុទ្ធជនសង្ស័យ ISIL ស្ថិតនៅតំបន់ភាគខាងជើងស៊ីរី កាលពីខែមុន ក្រោយការដកកងកម្លាំងដឹកនាំដោយក្រុមឃឺដ ដែលកាលពីមុនបានគ្រប់គ្រងជំរំមួយនេះ ។
លោក Noureddine al-Baba គឺជាអ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងដាម៉ាសកាលពីថ្ងៃពុធថា កងកម្លាំងស៊ីរី បានរកឃើញការបំពានជាង ១៣៨លើក នៅតាមជញ្ជាំងបរិវេណជំរំប្រវែង ១៧គ.ម ។
លោកនិយាយថា ពេលដែលកងកម្លាំងពួកយើងបានមកដល់ ពួកគេបានរកឃើញករណីរត់គេចខ្លួនជាសមូហភាព ដោយសារជំរំត្រូវបានបើកដោយចៃដន្យ ។
លោកបន្តថា ពួកយើងសង្កេតឃើញករណីរត់គេចខ្លួនទ្រង់ទ្រាយធំ ដោយសារការបើកច្រកខាងក្នុង និងប៉ុស្តិ៍ត្រួតពិនិត្យរបស់ជំរំ ។
ជំរំ Al-Hol ដែលស្ថិតនៅក្នុងខេត្ត Hasakah ជិតព្រំដែនអ៊ីរ៉ាក់ គឺជាជំរំធំបំផុតសម្រាប់ដាក់សាច់ញាតិក្រុម ISIL នៅភាគឦសានប្រទេសស៊ីរី ហើយនិងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ី(SDF)ដឹកនាំដោយក្រុមឃឺដ ។
យោងតាមការអះអាងរបស់កងកម្លាំង SDF បានឲ្យដឹងថា ជំរំមួយនេះ ដាក់មនុស្សជាង ២៣.០០០នាក់ មុនពេលការដកកម្លាំងរបស់ពួកគេ ។
មនុស្សរស់នៅក្នុងជំរំ ដែលភាគច្រើនជាកុមារ ស្រ្តី និងមនុស្សចាស់ មិនមែនជាអ្នកទោសនោះទេ ហើយភាគច្រើននៃពួកគេ ក៏ពុំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនោះដែរ ប៉ុន្តែពួកគេស្ថិតក្រោមការបង្ខាំងតាមព្រឹត្តន័យនៅជំរំមានការយាមកាមយ៉ាងតឹងរ៉ឹងមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕