បាល់ទាត់៖ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) តែងតាំងជាក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia ដើម្បីជួយដល់សហគមន៍ងាយរងគ្រោះទូទាំងអាស៊ី។ ឯកឧត្តមបានប្ដេជ្ញានឹងខំប្រឹងអស់ពីលទ្ធភាព ដើម្បីរួមចំណែកបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ។
AFC បានចេញសេចក្ដីប្រកាសព័ត៌មានពីការតែងតាំងនេះកាលពីដើមសប្ដាហ៍កន្លងទៅ ដោយមានបុគ្គលសំខាន់ៗ ៣រូបត្រូវដឹកនាំមូលនិធិនេះគឺរយៈពេល ៤ឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ពោលគឺក្រៅពីឯកឧត្តម ខៀវ សាម៉េត រួមមានលោក Timothy Fok Tsun Ting ប្រធានគណៈកម្មាធិការអូឡាំពិកហុងកុង និងព្រះអង្គម្ចាស់ Abdulaziz Bin Turki Al Faisal ប្រធានគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកប្រទេសអារ៉ាប៊ីសាអូឌីត។ មន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ការតែងតាំងនេះគឺទទួលបានការទុកចិត្តពីលោក Shaikh Salman Bin Ebrahim Al Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងជាម្ចាស់ជំនួយ ព្រមទាំងសមាជិក AFC ។ គោលដៅសំខាន់របស់មូលនិធិនេះគឺដើម្បីជួយដល់កុមារទាំងឡាយដែលងាយរងគ្រោះ ជួយដល់វិស័យអប់រំ និងអ្នកគ្មានទីពឹង។ តាមរយៈនេះ ឯកឧត្តម ខៀវ សាម៉េត បានចាត់ទុកតួនាទីនេះគឺជាការងារមួយដ៏សំខាន់ ហើយឯកឧត្តមនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីចូលរួមជួយសមាជិកទាំង ៤៧ប្រទេសរបស់ AFC៕
អត្ថបទ៖ លី ឈុនឡា