រុស្ស៊ីបានបង្ហាញសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ២៦កុម្ភៈសប្ដាហ៍នេះថា ខ្លួនមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនទេ ប៉ុន្មានម៉ោងបន្ទាប់ពីបានវាយប្រហារប្រទេសជិតខាងមួយនេះដោយយានដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ ហើយក៏ស្របពេលដែលក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបគ្នានៅទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ជាង៤ឆ្នាំមកនេះផងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅទីក្រុងមូស្គូ ពីរថ្ងៃបន្ទាប់ពីសង្គ្រាមបានឈានចូលដល់ឆ្នាំទី៥ថា តើអ្នកបានឮ ថារុស្ស៊ីបានកំណត់ថ្ងៃឱសានវាទដែរឬទេ។រុស្ស៊ីពុំបានកំណត់ពេលវេលាឡើយ ពួកលោកមានភារកិច្ចច្រើនទៀតត្រូវធ្វើ ហើយពួកលោកកំពុងធ្វើដើម្បីបញ្ចប់កិច្ចការទាំងនោះ។
លោក Trump បានជំរុញឱ្យបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល៣០ថ្ងៃក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Zelenskyy សម្រាប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយរវាងទីក្រុងមូស្គូ និងទីក្រុងគីវនៅឡើយទេ។ ការចរចាជុំមុនៗដែលដឹកនាំ និងសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ និងទីក្រុងអាប៊ូដាប៊ី បានបរាជ័យ ដោយសារការទាមទាររបស់ទីក្រុងមូស្គូក្នុងការកាន់កាប់ជាផ្លូវការនៃផ្នែកទឹកដីដ៏ធំមួយរបស់អ៊ុយក្រែន ដែលបង្ហាញពីចំណុចខ្ទាស់ដ៏សំខាន់។
រុស្ស៊ី ដែលអស់រយៈពេលជាច្រើនឆ្នាំមកហើយបានបដិសេធមិនផ្លាស់ប្តូរការទាមទាររបស់ខ្លួនសម្រាប់ការគ្រប់គ្រងពេញលេញនៃតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា វាលឿនពេកក្នុងការព្យាករណ៍អំពីពេលណាដែលកិច្ចព្រមព្រៀងមួយនឹងកើតឡើង៕

