ប្រភពមួយចំនួនដែលដឹងពីការពិភាក្សាទាំងនោះបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក បានធ្វើឱ្យល្បឿននៃការលក់ទ្រព្យសម្បត្តិអន្តរជាតិរបស់ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់រុស្ស៊ីគឺស្ថាប័ន Lukoil មានភាពយឺតយ៉ាវខ្លាំង ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ នៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន។

នៅថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់អាមេរិក បានពន្យារពេលកាលបរិច្ឆេទកំណត់ថ្ងៃទី២៨ ខែកុម្ភៈ ទៅដល់ថ្ងៃទី១ ខែមេសា សម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងនានា នេះបើយោងតាមឯកសាររបស់ OFAC ដែលពិនិត្យដោយសារព័ត៌មានរ៉យទ័រ។
មន្ត្រីអាមេរិកនិយាយថា ក្រសួងរតនាគារអាមេរិក បានពន្យារពេលកំណត់នេះ ដើម្បី «សម្របសម្រួលកិច្ចចរចាដែលកំពុងបន្តជាមួយក្រុមហ៊ុន Lukoil និងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលគាំទ្រដល់កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកហូតចំណូលដែលរុស្ស៊ីត្រូវការ ដើម្បីគាំទ្រដល់ម៉ាស៊ីនសង្គ្រាមរបស់ខ្លួន និងដើម្បីសម្រេចបាននូវសន្តិភាព»។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលអាមេរិក រុស្ស៊ី និងអ៊ុយក្រែន មិនទាន់រកឃើញវឌ្ឍនភាពធំដុំណាមួយនោះទេនៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងហ្សឺណែវ ទីក្រុងអាប៊ូដាប៊ី និងទីក្រុងម៉ៃអាមី ដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន។ ការពិភាក្សាទាំងនេះ រួមមានទាំងទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនផលិតប្រេងកំពូលរបស់រុស្ស៊ី Rosneft ដែលគ្រប់គ្រងដោយរដ្ឋ ក៏ដូចជាលើក្រុមហ៊ុនផលិតប្រេងធំជាងគេទីពីរ Lukoil ផងដែរ នេះបើយោងតាមប្រភពដែលដឹងពីកិច្ចប្រជុំទាំងនោះ។
កិច្ចចរចាសន្តិភាពជុំបន្ទាប់រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ត្រូវបានគ្រោងទុកសម្រាប់ខែមីនា។ ការិយាល័យ OFAC បានពន្យារពេលកំណត់ចំនួន ៣លើករួចមកហើយ សម្រាប់អ្នកទិញណាមួយក្នុងការចរចាជាមួយ Lukoil លើទ្រព្យសម្បត្តិដែលមានតម្លៃ ២២ ពាន់លានដុល្លាររបស់ខ្លួន ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ីទាំងពីរនេះកាលពីខែតុលាកន្លងទៅ៕
