វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal នឹងត្រូវសម្រាកអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៤ ទៅ ៦សប្តាហ៍ដោយសារបញ្ហារបួសត្រគាក។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានទទួលរងរបួសនេះអំឡុងការប្រកួតដែលយកឈ្នះ Carlos Alcaraz នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Indians Wells កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។
ក្រោយមកជើងឯក Grand Slam ២១លើករូបនេះក៏មានបញ្ហាពិបាកដកដង្ហើមទៀត នៅវគ្គផ្តាច់ព្រ័ត្រដែលចាញ់កីឡាករអាមេរិក Taylor Fritz។ របួសនេះធ្វើឱ្យ Nadal នឹងអវត្តមានពីការប្រកួតលើទីលានដីក្រហមកម្មវិធី Monte Carlo Masters និង Barcelona Open ខណៈដែល Grand Slam, French Open ខិតជិតចូលមកដល់នៅថ្ងៃទី២២ ខែឧសភា។ Nadal ដែលធ្លាប់គ្រងជើងឯក French Open ដល់ទៅ ១៣លើកច្រើនជាងគេនោះ បានយកឈ្នះការប្រកួត ២០ប្រកួតជាប់គ្នានៅក្នុងឆ្នាំ២០២២ នេះរួមទាំងឈ្នះពាន Grand Slam, Australian Open មុនពេលចាញ់លើកដំបូងកាលពីថ្ងៃអាទិត្យក្រោមស្នាដៃកីឡាករអាមេរិក Taylor Fritz បាត់បង់ពាន Indian Wells៕
អត្ថបទ៖នាង សុភាវុធ