ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៥ កុម្ភៈសប្ដាហ៍នេះថា សមាជលើកទី៩របស់គណបក្សកាន់អំណាចពលករកូរ៉េ (WPK) នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) បានបិទបញ្ចប់កាលពីថ្ងៃពុធ២៥កុម្ភៈសប្ដាហ៍នេះនៅទីក្រុងព្យុងយ៉ាង ខណៈមេដឹកនាំកំពូលរបស់ខ្លួនបានប្រើប្រាស់សមាជបក្សដ៏សំខាន់នេះ ដើម្បីបញ្ជាក់ពីផែនការប្រាំឆ្នាំថ្មី ។
ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោក Kim Jong Un អគ្គលេខាធិការនៃគណបក្សកាន់អំណាចពលករកូរ៉េ បានដាក់ចេញនូវផែនទីបង្ហាញផ្លូវគោលនយោបាយរបស់លោកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ខណៈលោកបានថ្លែងរបាយការណ៍ពិនិត្យការងាររបស់គណៈកម្មាធិការកណ្តាលទីប្រាំបីរបស់បក្សកាន់អំណាច ចាប់ពីការវាយតម្លៃរួមនៃវឌ្ឍនភាពក្នុងការអភិវឌ្ឍប្រទេសក្នុងរយៈពេលប្រាំឆ្នាំកន្លងមក និងការពិពណ៌នាលម្អិតអំពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំថ្មី ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រហូតដល់ទំនាក់ទំនងរបស់ប្រទេសអាស៊ីមួយនេះ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
KCNA បាននិយាយថា នៅក្នុងផ្នែកនៃរបាយការណ៍ស្តីពីការវាយតម្លៃវឌ្ឍនភាពកន្លងមក លោក Kim បានប្រកាសថា ផែនការប្រាំឆ្នាំចុងក្រោយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិត្រូវបានសម្រេច ដោយហៅការផ្លាស់ប្តូររបស់ប្រទេសនេះទៅកាន់ការអភិវឌ្ឍដ៏ទូលំទូលាយនៃការកសាងសង្គមនិយមរបស់ខ្លួនថាជាភារកិច្ចចម្បងនៃបដិវត្តន៍។
លោក Kim ក៏បាននិយាយផងដែរថា ផលប្រយោជន៍សន្តិសុខរបស់កូរ៉េខាងជើងត្រូវបានការពារយ៉ាងរឹងមាំ ដោយលើកឡើងពីការទទូចរបស់ប្រទេសនេះលើគោលនយោបាយការពារជាតិដែលពឹងផ្អែកលើខ្លួនឯង នៃការកសាងការពារជាតិជាមួយនឹងកម្លាំងនុយក្លេអ៊ែរជាស្នូល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងឋានៈរបស់ខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរ និងការធ្វើទំនើបកម្មបច្ចេកវិទ្យានៅក្នុងវិស័យការពារជាតិ៕

