មន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានបញ្ចប់កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការឈ្លានពានរយៈពេលបួនឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈទីក្រុងមូស្គូបានបង្ហាញសញ្ញាថាខ្លួនមិនប្រញាប់ប្រញាល់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ។

មេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump កំពុងជំរុញឱ្យបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ប៉ុន្តែរហូតមកដល់ពេលនេះមិនបានសម្របសម្រួលកិច្ចព្រមព្រៀងណាមួយរវាងទីក្រុងមូស្គូ និងទីក្រុងគីវទេ។ ការចរចាជុំមុនៗដឹកនាំដោយសហរដ្ឋអាមេរិក រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ និងទីក្រុង Abu Dhabi បានបរាជ័យក្នុងការសម្របសម្រួល រួមទាំងចំណុចជាប់គាំងដ៏សំខាន់អំពីបញ្ហាទឹកដី។

រុស្ស៊ី ដែលបានបង្ហាញសញ្ញាថានឹងមិនផ្លាស់ប្តូរការទាមទាររបស់ខ្លួនសម្រាប់ការគ្រប់គ្រងពេញលេញតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាលឿនពេកក្នុងការព្យាករ ថាពេលណាកិច្ចព្រមព្រៀងមួយនឹងកើតមានឡើង។
ទីក្រុងគីវនិយាយថា មធ្យោបាយតែមួយគត់ដើម្បីទម្លាយភាពជាប់គាំងគឺជំនួបមេដឹកនាំរវាងលោក Vladimir Putin និង លោក Volodymyr Zelenskyy ហើយខ្លួនមានបំណងដាក់ជាមូលដ្ឋានសម្រាប់ជំនួបកំពូលបែបនេះក្នុងអំឡុងពេលកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍។