ក្រុមអ្នកចរចាបានបន្តកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍២៦កុម្ភៈសប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា អ៊ីរ៉ង់បង្កការគំរាមកំហែងដ៏ធំមួយដល់សហរដ្ឋអាមេរិក និងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកគ្រាប់បែកនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងអនុប្រធានាធិបតី លោក JD Vance បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតេអេរ៉ង់កំពុងធ្វើការដើម្បីកសាងឡើងវិញនូវទីតាំងដែលត្រូវបានខូចខាតដោយការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមរយៈពេល១២ ថ្ងៃកាលពីឆ្នាំមុន ជាការអះអាងដែលក្រុមអ្នកវិភាគមួយចំនួនបានសង្ស័យ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងអំឡុងដំណើរទៅកាន់ប្រទេសតូចមួយនៅតំបន់ការ៉ាអ៊ីព សាំងគីត និង ណេវីស (Saint Kitts and Nevis) លោក Rubio បានចោទប្រកាន់អ៊ីរ៉ង់ថាបន្តស្វែងរកអាវុធនុយក្លេអ៊ែរ ហើយបាននិយាយថា មីស៊ីលផ្លោងរបស់ខ្លួនក៏ជាការគំរាមកំហែងដ៏សំខាន់មួយចំពោះទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកផងដែរ។
លោក Rubio បាននិយាយថា អ៊ីរ៉ង់ក៏មានមីស៊ីលផ្លោងមួយចំនួនធំផងដែរ ដែលគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយថា ខ្លួនកំពុងព្យាយាមអភិវឌ្ឍអាវុធដែលអាចបាញ់ដល់សហរដ្ឋអាមេរិក៕

