ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់ទណ្ឌកម្ម និងការបិទផ្លូវប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ ក្នុងអំឡុងថ្លែងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ ២៦ កុម្ភៈសប្ដាហ៍នេះ។
ចាប់តាំងពីលោក Maduro ត្រូវបានចាប់ខ្លួនកាលពីខែមករា អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Delcy Rodriguez បានដឹកនាំប្រទេសវ៉េណេស៊ុយអេឡា។

លោកស្រី Rodriguez ដែលបានសំដៅទៅលើការអត្ថាធិប្បាយរបស់លោក Trump ដែលហៅប្រទេសវ៉េណេស៊ុយអេឡាថាជា "មិត្តភ័ក្តិ និងដៃគូថ្មី" អំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំកាលពីថ្ងៃអង្គារ២៤ កុម្ភៈសប្ដាហ៍នេះ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានប្រក្រតីភាពឡើងវិញ។

ក្នុងអំឡុងព្រឹត្តិការណ៍មួយជាមួយយុវជនវ៉េណេស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ លោកស្រី Rodriguez បាននិយាយថា ប្រទេសនេះមិនដែលជា "សត្រូវរបស់សហរដ្ឋអាមេរិក" ទេ ហើយបានហៅលោក Trump ថាជា "មិត្តភ័ក្តិ" ខណៈជំរុញរូបលោកឱ្យបញ្ចប់ទណ្ឌកម្ម និងការបិទផ្លូវ។
គួររម្លឹកថាសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Maduro កាលពីថ្ងៃទី៣ខែមករាដើមឆ្នាំ២០២៦នេះ ហើយបានគ្រប់គ្រងការនាំចេញ និងការលក់ប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា។ ចាប់តាំងពីពេលនោះមក ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញអាជ្ញាប័ណ្ណទូទៅដែលអនុញ្ញាតឱ្យក្រុមហ៊ុននានាធ្វើពាណិជ្ជកម្មប្រេងរបស់វ៉េណេស៊ុយអេឡា និងធ្វើប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្ម័នរបស់ប្រទេសនេះ ប៉ុន្តែតម្រូវឱ្យមានការអនុញ្ញាតជាក់លាក់ពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក៕
