សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមប្រភព ដែលដឹងរបាយការណ៍ចារកម្មសម្ងាត់អាមេរិកថា ការអះអាងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលថា អ៊ីរ៉ង់នឹងមានមីស៊ីលមួយគ្រាប់ដែលអាចវាយប្រហារដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ មិនត្រូវបានគាំទ្រដោយរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនោះទេ ហើយការអះអាងនេះហាក់ដូចជាបំផ្លើសបន្តិចហើយ ដោយបង្កឱ្យមានការសង្ស័យលើផ្នែកមួយនៃហេតុផលរបស់លោក ចំពោះលទ្ធភាពនៃការវាយប្រហារលើសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភានៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Trump បានចាប់ផ្តើមលើកឡើងពីមូលហេតុ ដែលសហរដ្ឋអាមេរិកអាចនឹងវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដោយនិយាយថា ទីក្រុងតេអេរ៉ង់កំពុង «ប្រឹងប្រែងអភិវឌ្ឍមីស៊ីលដែលនឹងបាញ់ដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ»។
ប៉ុន្តែប្រភពបាននិយាយថា របាយការណ៍វាយតម្លៃរបស់ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិកឆ្នាំ២០២៥ ដែលជារបាយការណ៍មិនសម្ងាត់ បានឱ្យដឹងថា អ៊ីរ៉ង់អាចចំណាយពេលរហូតដល់ឆ្នាំ២០៣៥ ដើម្បីអាចអភិវឌ្ឍ «មីស៊ីលបាលីស្ទិកអន្តរទ្វីបដែលអាចប្រើប្រាស់បានខាងយោធា» ចំនួនមួយគ្រាប់ ចេញពីយានបាញ់បង្ហោះផ្កាយរណប (SLV) ដែលមានស្រាប់របស់ខ្លួន ហើយរបាយការណ៍នេះមិនមានការផ្លាស់ប្តូរនោះទេ៕

