រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បានប្រកាសថាខ្លួននឹងដំឡើងពន្ធលើការនាំចូលពីប្រទេសកូឡុំប៊ីយ៉ាងច្រើន ដោយបង្កើនអត្រាពី៣០ភាគរយដល់ ៥០ ភាគរយ ចាប់ពីថ្ងៃទី១ ខែមីនា។ ការសម្រេច ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃជម្លោះពាណិជ្ជកម្ម និងសន្តិសុខដែលកំពុងកើនឡើងរវាងប្រទេសជិតខាងទាំងពីរនៅតំបន់ភ្នំអង់។

ប្រធានាធិបតីស្តាំនិយមរបស់ប្រទេសអេក្វាឌ័រ លោក Daniel Noboa បានដាក់សម្ពាធលើសមភាគីឆ្វេងនិយមរបស់លោកនៅប្រទេសកូឡុំប៊ី លោក Gustavo Petro ឲ្យបង្ក្រាបសន្តិសុខនៅព្រំដែន។ ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ២០២០ ប្រទេសអេក្វាឌ័របានមើលឃើញការកើនឡើងអំពើហិង្សាដែលទាក់ទងនឹងការពង្រីកឧក្រិដ្ឋកម្មរៀបចំទុកនៅក្នុងប្រទេស។

លោក Noboa ដែលគាំទ្រប្រធានាធិបតី លោក Donald Trump នៅសហរដ្ឋអាមេរិក បានស្តីបន្ទោសលោក Petro ចំពោះការមិនធ្វើសកម្មភាពឲ្យបានខ្លាំងក្លាគ្រប់គ្រាន់ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ ប្រទេសកូឡុំប៊ី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គឺជាប្រភពកូកាអ៊ីនធំបំផុតរបស់ពិភពលោក។
ហើយក៏ដូចជាលោកTrump ដែរ លោកNoboa បានពឹងផ្អែកយ៉ាងខ្លាំងលើការដំឡើងពន្ធប្រឆាំងប្រទេសកូឡុំប៊ី ដើម្បីបង្ខំឱ្យប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសអេក្វាឌ័រ។ រដ្ឋាភិបាលរបស់លោកបានចោទប្រកាន់លោក Petro ថាមិនបានសហការជាមួយវិធានការសន្តិសុខនៅព្រំដែន។ ប្រទេសទាំងពីរស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ហើយមានព្រំដែនគោករួមគ្នាលាតសន្ធឹងប្រហែល ៥៨៦ គីឡូម៉ែត្រ។ ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឡើងបន្ទាប់ពីការដំឡើងពន្ធដំបូង៣០ភាគរយដែលដាក់ដោយទីក្រុង Quito នៅដើមខែកុម្ភៈ។ មន្ត្រីប្រទេសអេក្វាឌ័រ ក៏បានបង្ហាញអំពីភាពត្រឹមត្រូវនៃវិធានការការពារនិយមដោយលើកឡើងពីឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើង។