អាជ្ញាធរប្រទេសគុយបា បានចោទប្រកាន់មនុស្ស១០នាក់នៅលើទូកល្បឿនលឿនដែលធ្វើដំណើរពីសហរដ្ឋអាមេរិកថា បានព្យាយាមអនុវត្តយុទ្ធនាការអំពើហិង្សាដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលកោះមួយនេះ។ មនុស្ស ៤ នាក់ក្នុងចំណោម ១០ នាក់នៅលើទូកត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយភ្នាក់ងារព្រំដែនប្រទេសគុយបា ក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរគុយបាបានបញ្ជាក់ថា សមាជិកនាវិកដែលនៅសល់ចំនួន៦នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលរបួស។ យ៉ាងហោចណាស់មន្ត្រីគុយបាម្នាក់ ក៏បានរងរបួសនៅក្នុងការបាញ់ប្រហារនេះដែរ។ CBS News បានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋអាមេរិកម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយដកស្រង់សម្តីរបស់មន្ត្រីសេតវិមាន។

ទោះជាយ៉ាងណា មន្ត្រីគុយបា បានការពារការឆ្លើយតបរបស់រដ្ឋាភិបាលពួកគេ និងបានចោទប្រកាន់អ្នកដំណើរនៅលើទូកល្បឿនលឿនថា បានបាញ់មុនទៅលើភ្នាក់ងារព្រំដែន។
ប្រធានាធិបតីគុយបា លោក Manuel Diaz-Canel បាននិយាយនៅក្នុងសារលើបណ្តាញផ្សព្វផ្សាយសង្គមថា «គុយបានឹងការពារខ្លួនដោយការប្តេជ្ញាចិត្ត និងភាពរឹងមាំប្រឆាំងការឈ្លានពានរបស់ភេរវករ និងទាហានស៊ីឈ្នួលណាមួយ ដែលព្យាយាមធ្វើឲ្យប៉ះពាល់ដល់ដែនអធិបតេយ្យភាព និងស្ថិរភាពជាតិរបស់ខ្លួន»។
ហេតុការណ៍នេះ កើតឡើងក្នុងអំឡុងពេលនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសគុយបា និងសហរដ្ឋអាមេរិក ដែលបានធ្វើការគំរាមកំហែងដដែលៗប្រឆាំងរដ្ឋាភិបាលកុម្មុយនិស្តរបស់កោះនេះ។