ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានស្នើសុំតុលាការកំពូលអនុញ្ញាតឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump មានផែនការដើម្បីបញ្ចប់ការការពារការនិរទេសសម្រាប់ជនអន្តោប្រវេសន៍ស៊ីរីចំនួន ៦.០០០នាក់ដែលរស់នៅក្នុងប្រទេស។

សំណើរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឡើងក្នុងទម្រង់ជាការអំពាវនាវបន្ទាន់ទៅកាន់តុលាការជាន់ខ្ពស់ ជាករណីចុងក្រោយបំផុតរបស់រដ្ឋបាលលោក Trump ដែលប្រើប្រាស់តាកទិកនេះ។
ការអំពាវនាវនេះ ស្នើឱ្យតុលាការកំពូលលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលបានចេញកាលពីខែវិច្ឆិការ ដោយហាមឃាត់ចំណាត់ការរបស់រដ្ឋបាលនេះក្នុងការបញ្ចប់ឋានៈការពារបណ្តោះអាសន្ន សម្រាប់ជនជាតិស៊ីរី។

សំណើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋបាលលោក Trump ដើម្បីរឹតត្បិតការធ្វើអន្តោប្រវេសន៍ចូលទៅកាន់សហរដ្ឋអាមេរិក ទាំងស្របច្បាប់ ឬផ្សេងទៀត។
ក្រសួងសន្តិសុខមាតុភូមិ មានចំណាត់ការយ៉ាងទូលំទូលាយដើម្បីបញ្ចប់ឋានៈការពារបណ្តោះអាសន្ន ជាកម្មវិធីមួយអនុញ្ញាតឱ្យជនបរទេសដែលរស់នៅក្នុងសហរដ្ឋអាមេរិករួចហើយស្នាក់នៅក្នុងប្រទេសនេះដោយសារតែអស្ថិរភាព ឬគ្រោះថ្នាក់នៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ឋានៈការពារបណ្តោះអាសន្ន ត្រូវបានផ្តល់ឱ្យ ឧទាហរណ៍ក្នុងករណីសង្គ្រាម គ្រោះមហន្តរាយបរិស្ថាន និងគ្រោះមហន្តរាយផ្សេងៗទៀត។ វាផ្តល់ការការពារការនិរទេស និងសមត្ថភាពក្នុងការធ្វើការនៅសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋបាលលោក Trump មានចំណាត់ការបញ្ចប់ឋានៈការពារបណ្តោះអាសន្ន សម្រាប់ប្រជាជនមកពីប្រទេសចំនួន១២ជាសរុប ក្នុងនោះមានប្រទេសហៃទី សហភាពមីយ៉ាន់ម៉ា សូម៉ាលី និងយេម៉ែន ទោះបីជាអ្នករិះគន់បានព្រមានថាប្រទេសទាំងនោះនៅតែស្ថិតក្នុងភាពវឹកវរក៏ដោយ។