អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកុម្ភៈ ថា មានតែ «មនុស្សល្ងង់ខ្លៅ»ប៉ុណ្ណោះ ដែលអាចស្នើឱ្យមានបម្រាមអចិន្ត្រៃយ៍លើការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដូចដែលបានគ្រោងទុកដោយសហភាពអឺរ៉ុប។

គណៈកម្មការអឺរ៉ុប នឹងដាក់សំណើផ្លូវច្បាប់ដើម្បីហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ីជាអចិន្ត្រៃយ៍នៅថ្ងៃទី១៥ ខែមេសា បីថ្ងៃបន្ទាប់ពីការបោះឆ្នោតសភារបស់ប្រទេសហុងគ្រី នេះបើយោងតាមមន្ត្រីសហភាពអឺរ៉ុប និងឯកសារដែលត្រូវបានមើលឃើញដោយសារព័ត៌មាន Reuters។
ក្រសួងការបរទេសរុស្ស៊ីបានរិះគន់ផែនការរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ីជាអចិន្ត្រៃយ៍។

សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើការនាំចូលប្រេងរបស់រុស្ស៊ីតាមសមុទ្ររួចហើយ។ ប៉ុន្តែខ្លួនចង់ដាក់បញ្ចូលការបញ្ឈប់ការប្រើប្រាស់ប្រេងរបស់រុស្ស៊ីទាំងស្រុងទៅក្នុងច្បាប់ដែលនឹងនៅតែមានសុពលភាព ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្គ្រាមនៅអ៊ុយក្រែន នាំឱ្យសហភាពអឺរ៉ុបដកទណ្ឌកម្មក៏ដោយ។