បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអេស្ប៉ាញបានធ្វើការប្រមូលផ្តុំហ្វឹកហាត់ នៅថ្ងៃអង្គារម្សិលមិញនេះនៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញមុនការប្រកួតមិត្តភាពពីរប្រកួតទល់នឹងអាល់បានី និងអ៊ីស្លង់។
មិនមានវត្តមានអ្នកចាំទី Manchester United, David De Gea ឡើយខណៈលោក Luis Enrique បានកោះហៅអ្នកចាំទី Athletic Bilbao, Unai Simon រួមជាមួយនឹងអ្នកចាំទី Brentford, David Raya ដែលអាចនឹងបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជំរើសជាតិអេស្ប៉ាញ។ គ្រូបង្វឹកអេស្ប៉ាញលោក Luis Enrique សង្ឃឹមថា នឹងយកការប្រកួតមិត្តភាពទាំងពីរនេះជាការធ្វើតេស្តសមត្ថភាពកីឡាករចំនូលថ្មីមួយចំនួនដែរ បន្ទាប់ពីកីឡាករក្មេងៗកន្លងមកអេស្ប៉ាញក៏បានឡើងដល់វគ្គជ្រៅដែរដូចជានៅ Euro ២០២០ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែចាញ់ក្រុមជើងឯកអ៊ីតាលី និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Nations League តែចាញ់បារាំង។ អេស្ប៉ាញនឹងត្រូវជួបជាមួយអាល់បានីនៅថ្ងៃទី២៦ ខែមីនានេះ មុនបន្តជួបជាមួយអ៊ីស្លង់នៅថ្ងៃទី២៩ ខែដដែល ខណៈការប្រកួតទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Estadi Olimpic Lluis Companys ទីក្រុង Barcelona៕
អត្ថបទ៖នាង សុភាវុធ