ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានអះអាងថា ប្រទេសកម្ពុជានៅតែរក្សាភាពប្រកួតប្រជែងរបស់ខ្លួនក្នុងការរក្សាបានការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បើទោះជាត្រូវបានជាប់ពន្ធបដិការថ្មី ១៥% របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្មីៗនេះ។

លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) បានពន្យល់ថា ការរក្សាបាននូវភាពប្រកួតប្រជែងនេះ គឺដោយសារតែ ប្រទេសជុំវិញពិភពលោកទាំងអស់ត្រូវបង់ពន្ធគយក្នុងអត្រា ១៥% ស្មើៗគ្នា ដែលខុសពីពេលមុនប្រទេសកម្ពុជាត្រូវបង់ពន្ធ ១៩% គឺខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួន ដែលមានផលិតទំនិញដូចគ្នា ដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដើម។
លោក ខេស៊ី បាណេត បន្ថែមទៀតថា លើសពីនេះ ប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តអំណោយផល រួមផ្សុំនឹងមានកម្លាំងពលកម្មជំនាញវិស័យក្មេងច្រើន និងតម្លៃឈ្នួលកម្មករនៅមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធបដិការជាសកលថ្មីក្នុងអត្រា ១៥% លើប្រទេសទាំងអស់ជុំវិញពិភពលោក កាលពីថ្ងៃសៅរ៍ (២១ កុម្ភៈ) បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក មិនសប្បាយចិត្តទៅនឹងសេចក្តីរបស់តុលាការកំពូលរបស់អាមេរិកថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់ និងត្រូវដកចោលភ្លាមៗ៕ អត្ថបទ៖ ធូ វិរៈ
