នៅក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីលទ្ធផលដែលសម្រេចបានគួរជាទីមោទនៈរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ផ្អែកតាមរបាយការណ៍នៃការត្រួតពិនិត្យផ្នែករដ្ឋបាលរាជធានី ខេត្តប្រចាំខែកុម្ភៈ ដែលរាយការណ៍ដោយ ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា មិនមានទិន្នន័យនៃការបង្រៀនថ្នាក់២វេន និងថ្នាក់គួបនោះទេ។ ការកាត់បន្ថយការបង្រៀនថ្នាក់ពីរវេន និងថ្នាក់គួប នៅទូទាំងប្រទេសនេះ គឺសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញកន្លែងដែលខ្លះខាត នៅមូលដ្ឋានខេត្តចំនួន៥ និងការពង្រាយបេក្ខជនបម្រុងជាបន្តបន្ទាប់ តាមមូលដ្ឋានដែលមានការខ្វះខាតគ្រូបង្រៀន។ ការកែទម្រង់រដ្ឋបាលសាធារណៈនេះ បានរួមចំណែក ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសនៅកម្រិតបឋមសិក្សា។
សូមជម្រាបថា កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកិច្ចព្រមព្រៀងការងារ ក្នុងគោលដៅខេត្តទាំង៥ មានខេត្តព្រៃវែង បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និងតាកែវ គឺដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ ពិសេសជួយសម្រាលបន្ទុកគ្រូតាមសាលាមួយចំនួនដែលបង្រៀនគួបថ្នាក់ ឬបង្រៀនពីរវេនក្នុងមួយថ្ងៃ និងដើម្បីសម្រាលបន្ទុកគ្រូបង្រៀនគួប និងមានពេលអភិវឌ្ឍសមត្ថភាព។ ការកាត់បន្ថយម៉ោងបង្រៀនសម្រាប់គ្រូ ក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពបុគ្គលិកអប់រំ និងផ្ដល់ឱកាសអភិវឌ្ឍសមត្ថភាពទាំងលើកិច្ចការបង្រៀន និងចំណេះដឹងនានាជំរុញប្រសិទ្ធិភាពលើការបង្រៀនសិស្សកាន់តែល្អប្រសើរប្រកបដោយគុណភាពផងដែរ៕



