ភ្នំពេញ៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន ដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត។
តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២២ មីនាឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ព្រមទាំងសមាជិកជាច្រើនរូបផ្សេងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន រួមមាន បន្តពង្រឹងគុណភាពការផ្តល់សេវា និងជំរុញការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។
បន្ថែមពីលើនេះ ជំរុញលើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា តាមរយៈការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធដោយទន់ភ្លន់ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ និងជំរុញការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចការហាឡាល។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចការហាឡាល គឺជាប្រធានបទដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះ ផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការខ្ពស់សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ដោយសារពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។
តាមការលើកឡើងរបស់ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ២២១ ពាក្យស្នើសុំបានចេញវិញ្ញាបនបត្រចំនួន ១៩៦ វិញ្ញាបនបត្រមាន ១០០ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាហារដ្ឋាន ស្មើនឹងផលិតផលចំនួន ៦១៩មុខទំនិញ៕ អត្ថបទ៖ ឈិត បូរ៉ាវី