សភាអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) បានបោះឆ្នោតផ្តល់អំណាចដល់កងកម្លាំងប្រដាប់អាវុធ ឱ្យមានសិទ្ធិស្ទាក់ចាប់ ឬបាញ់ទម្លាក់យានដ្រូន ដែលជាការឆ្លើយតបទៅនឹងកំណើនឧប្បត្តិហេតុនៃការប្រទះឃើញយានដ្រូនជាញឹកញាប់នៅទ្វីបអឺរ៉ុប ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ក្នុងឆ្នាំ២០២២មក។

សភាអាល្លឺម៉ង់ បានអនុម័តវិសោធនកម្មច្បាប់សន្តិសុខផ្លូវអាកាសពីក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពីគណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាច និងគណបក្សសង្គមប្រជាធិបតេយ្យ រួមជាមួយគណបក្សប្រឆាំង AfD ស្តាំនិយមជ្រុល ក្រោមគោលបំណងបង្កើនល្បឿន និងធ្វើឱ្យយុទ្ធសាស្រ្តការពារយានដ្រូនមានភាពសាមញ្ញ។

ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីមក ចំនួនឧប្បត្តិហេតុយានដ្រូនដែលប្រទះឃើញលើដែនអាកាសអាល្លឺម៉ង់បានកើនឡើង ហើយជារឿយៗអាជ្ញាធរអាល្លឺម៉ង់មិនអាចតាមដានរកអ្នកបង្ហោះឃើញទេ ខណៈឧប្បត្តិហេតុបែបនេះក៏កើតឡើងជាញឹកញាប់នៅប្រទេសអឺរ៉ុបផ្សេងទៀត។ អ្នកជំនាញសង្ស័យថា រុស្ស៊ីនៅពីក្រោយរឿងនេះជាច្រើនករណី។
ក្រោមច្បាប់ដែលបានធ្វើវិសោធនកម្មថ្មីនេះ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ អាចចាត់វិធានការដោយផ្ទាល់ប្រឆាំងនឹងយានដ្រូន នៅពេលអាជ្ញាធរស៊ីវិលស្នើសុំជំនួយ រួមទាំងការប្រើប្រាស់ឧបករណ៍រំខាន ឬអាវុធផងដែរ។ ក្រសួងការពារជាតិអាល្លឺម៉ង់ ក៏អាចបញ្ជាប្រតិបត្តិការដោយឯករាជ្យផងដែរ ដែលអនុញ្ញាតឱ្យមានការឆ្លើយតបកាន់តែលឿនចំពោះការគំរាមកំហែងធ្ងន់ធ្ងរ នេះបើយោងតាមសេចក្ដីលម្អិតដែលបានរៀបរាប់នៅក្នុងច្បាប់ថ្មីនេះ។ ពីមុន អន្តរាគមន៍យោធាត្រូវបានដាក់កម្រិតយ៉ាងតឹងរ៉ឹង៕