ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសុក្រ (២៧ កុម្ភៈ) នេះ ដោយដកស្រង់សម្តីរបស់សេតវិមានថា សហរដ្ឋអាមេរិក នៅតែបើកចំហសម្រាប់កិច្ចចរចាជាមួយកូរ៉េខាងជើង ដោយគ្មានបុរេលក្ខខណ្ឌនោះទេ។

អ្នកនាំពាក្យសេតវិមានមួយរូប បានបញ្ជាក់ថា៖ «គោលនយោបាយរបស់អាមេរិកលើកូរ៉េខាងជើង មិនផ្លាស់ប្តូរទេ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបើកចំហចំពោះការពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានបុរេលក្ខខណ្ឌណាមួយឡើយ»។

លោក គីម ក៏បានសម្តែងឆន្ទៈក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើអាមេរិក បោះបង់ចោលនូវអ្វីដែលលោកហៅថា គោលនយោបាយ «អរិភាព» របស់ខ្លួនចំពោះកូរ៉េខាងជើង។ ការបើកចំហនូវលទ្ធភាពសម្រាប់ការបន្តទំនាក់ទំនងការទូតឡើងវិញជាមួយអាមេរិក កើតឡើងស្របពេលមានការសង្ស័យថា លោក ត្រាំ អាចនឹងស្វះស្វែងបើកជំនួបកំពូលជាមួយលោក គីម នៅពេលលោកបំពេញទស្សនកិច្ចប្រទេសចិន ចាប់ពីចុងខែមីនា ដល់ដើមខែមេសា ខាងមុខនេះ។
កាលពីឆ្នាំមុន ទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់កូរ៉េខាងត្បូង បានជំរុញឱ្យមានការរំពឹងទុកយ៉ាងខ្លាំងនៃជំនួបទល់មុខគ្នាលើកទី៤ រវាងលោក ត្រាំ ជាមួយលោក គីម ប៉ុន្តែលទ្ធភាពនេះពុំបានក្លាយជាការពិតឡើយ ដោយលោក ត្រាំ និយាយថា លោករវល់ខ្លាំងពេក ហើយលោកសន្យាថានឹងត្រលប់ទៅវិញដើម្បីបើកជំនួបកំពូលមួយ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំសហរដ្ឋអាមេរិក និយាយថា ទីក្រុងសេអ៊ូលកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍពាក់ព័ន្ធទាំងអស់ ដោយរង់ចាំមើលពីលទ្ធភាពទាំងអស់ទាក់ទងនឹងកិច្ចសន្ទនា ក៏ដូចជាកិច្ចប្រជុំកំពូលកូរ៉េខាងជើង-សហរដ្ឋអាមេរិកដែលអាចកើតមាន ជុំវិញដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន នាពេលខាងមុខនេះ៕