អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស គឺដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានខុសច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យភាពកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស គឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដោយមធ្យោបាយសន្តិវិធី។
អ្នកនាំពាក្យបានបន្តថា តាមរយៈការងារការទូតយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់ និងយ៉ាងទូលំទូលាយអំពីការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ និងយល់ច្បាស់ពីជំហរចង់បានដំណោះស្រាយដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា។
តាមរយៈសន្និសីទ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ជំហររបស់កម្ពុជាទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ដៃគូសន្ទនាទាំងឡាយតាមរយៈការគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី និងជំរុញឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើជាមួយគ្នាកាលពីពេលកន្លងទៅ៕




