យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងយោធារបស់ក្រុមហេសបូឡាចំនួន ៨កន្លែងនៅភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលដៅលើទីតាំងដែលប្រើប្រាស់ដោយកងកម្លាំង Radwan របស់ក្រុមនេះ នៅក្នុងតំបន់ Baalbek។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ទីតាំងទាំងនោះ ត្រូវបានប្រើប្រាស់ ដើម្បីរក្សាទុកអាវុធ រួមទាំងអាវុធ និងរ៉ូកែត និងដើម្បីហ្វឹកហាត់ក្រុមយុទ្ធជនសម្រាប់ការវាយប្រហារដែលអាចកើតមានលើកងទ័ព និងជនស៊ីវិលអ៊ីស្រាអែល។
ដោយចោទប្រកាន់ក្រុមហេសបូឡាថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួន «នឹងមិនអនុញ្ញាតឲ្យក្រុមនេះពង្រីកសមត្ថភាពរបស់ខ្លួន និងបំពាក់អាវុធឡើងវិញទេ»។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បានរាយការណ៍ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ នៅក្នុងជ្រលងភ្នំ Bekaa ដោយនិយាយថា ការវាយឆ្មក់ទាំងនោះ បានបង្កឲ្យមានការផ្ទុះខ្លាំងៗ នៅទូទាំងតំបន់ជុំវិញ និងត្រូវបានអមដោយការហោះហើររយៈកម្ពស់ទាបដោយយន្តហោះចម្បាំងអ៊ីស្រាអែល។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហេសបូឡាទេ។
កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ បើទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារម្តងម្កាល នៅក្នុងប្រទេសលីបង់ ដោយអះអាងថា ពួកគេមានគោលបំណងបញ្ចប់ «ការគំរាមកំហែង» របស់ក្រុមហេសបូឡា៕