គុយបាបានបញ្ជាក់ជាថ្មីថា ខ្លួនមិនបានវាយប្រហារ ឬគំរាមកំហែងប្រទេសណាមួយឡើយ ដោយសង្កត់ធ្ងន់លើសិទ្ធិរបស់ខ្លួន ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ក្រុមភេរវករ ឬទាហានស៊ីឈ្នួលណាមួយ។ លោកប្រធានាធិបតី Miguel Diaz-Canel បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុមួយដែលពាក់ព័ន្ធនឹងទូកដែលមានការចុះបញ្ជីនៅអាមេរិក ដែលបានកើតឡើងកាលពីថ្ងៃពុធ នៅក្នុងដែនទឹកគុយបា។

នៅក្នុងការបង្ហោះមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន លោក Diaz-Canel បាននិយាយថា៖«គុយបាមិនវាយប្រហារ ឬគំរាមកំហែងនរណាម្នាក់ទេ។ យើងបាននិយាយបញ្ហានេះម្តងហើយម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ យើងបញ្ជាក់ថា គុយបានឹងការពារខ្លួនយ៉ាងម៉ឺងម៉ាត់ និងរឹងមាំប្រឆាំងនឹងការឈ្លានពានរបស់ក្រុមភេរវករ ឬទាហានស៊ីឈ្នួលណាមួយ ដែលមានគោលបំណងបំផ្លាញ អធិបតេយ្យភាព និងស្ថិរភាពជាតិរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានបញ្ជាក់ពីអះអាងទាំងនេះ ដោយរំលឹកថា៖«ចាប់តាំងពីឆ្នាំ ១៩៥៩មក គុយបាបានប្រឈមនឹងការឈ្លានពានរបស់ក្រុមភេរវករ និងឈ្លានពានម្តងហើយម្តងទៀតដោយសហរដ្ឋអាមេរិក ដែលបានបង្កឲ្យមានអ្នកស្លាប់ របួស និងការខូចខាតសម្ភារៈយ៉ាងច្រើន»។ លោកក៏បានប្រកាសផងដែរថា៖«ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើឧប្បត្តិហេតុទូក កំពុងដំណើរការ ដើម្បីបញ្ជាក់ការពិត»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ការការពារឆ្នេរសមុទ្រ ទឹកដីជាតិ និងសន្តិសុខរបស់ប្រទេសគុយបា គឺជាការទទួលខុសត្រូវដែលមិនអាចកាត់ផ្តាច់បានរបស់អាជ្ញាធរនៃប្រទេសនេះ»៕
