ភ្នំពេញ៖ ក្រុមមន្ត្រី៤រូបមកទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិUNនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច បាននឹងកំពុងប្រើប្រាស់ពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២៥ខែមីនា នៅកម្ពុជា ដើម្បីធ្វើការងារត្រួតពិនិត្យ និងវាយតម្លៃការរៀបចំមធ្យោបាយសម្ភារៈគ្រឿងបំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះកម្ពុជាមួយកងថ្មី ដើម្បីស្នើបញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅសាធារណរដ្ឋអាហ្វឹ្រកកណ្តាល។
បន្ទាប់ពីចុះត្រួតពិនិត្យសំភារៈគ្រឿងបំពេញ និងការហ្វឹកហ្វឺនបង្ហាញសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះ១កងធំ នៅសាលាហ្វឹកហ្វឺកហ្វឺនACO ខេត្តកំពង់ស្ពឺ លោក Adler Cardoso Ferreira ប្រធានក្រុមការងារផ្នែករក្សាសន្តិភាពមកពីស្នាក់កណ្តាលអង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរកងកម្លាំងកម្ទេចគ្រឿងផ្ទុះEODកម្ពុជា ដែលជាកងថ្មីមានសមត្ថភាពជំនាញវិជ្ជាជីវៈ និងចេះប្រើប្រាស់សំភារៈគ្រឿងបំពាក់កម្ទេចគ្រឿងផ្ទុះច្បាស់លាស់ ស្របតាមលក្ខខ័ណ្ឌតម្រូវការរបស់អង្គការសហប្រជាជាតិUN។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ប្រាប់BTV នៅថ្ងៃទី២៣ ខែមីនានេះថា កងថ្មី ដែលជាកងកម្ទេចគ្រឿងផ្ទុះEOD សរុបមានចំនួន ៩៨នាក់ ក្នុងនោះ មានកងកម្លាំងគាំទ្រថ្នាក់ជាតិចំនួន ៣នាក់ផងដែរនោះ ត្រូវបាន ក្រុមមន្ត្រីមកពី UN ចំនួន៤រូប ធ្វើការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពជំនាញវិជ្ជាជីវៈប្រើប្រាស់សំភារៈកំទិចគ្រឿងផ្ទុះ EOD និងត្រួតពិនិត្យសំភារៈគ្រឿងបំពាក់នានា ធ្វើរបាយការណ៍រាយការណ៍បញ្ជូនទៅស្នាក់កណ្តាលUN ដើម្បីរៀបចំកងEODថ្មី ១កងនេះ បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN រដ្ឋធានី ប៊ែងហ្គី សាធារណរដ្ឋអាហ្វ្រឹកកណ្តាលបន្ថែមទៀត នៅក្នុងអំឡុងត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងនាមជាអនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតំបន់BRIA សាធារណៈរដ្ឋអាហ្វ្រឹកកណ្តាលលើកដំបូងនៅឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២ គឺកម្ពុជា បានបញ្ជូនទ័ពមួកខៀវប្តូរវេនប្រចាំឆ្នាំ ១ឆ្នាំម្តងមានចំនួនជាង ២០០នាក់បានចំនួន៨លើក ។ ដោយឡែកការបញ្ជូនប្តូរវេនលើកទី៨ក្នុងឆ្នាំ២០២២នេះ ភាគីUN បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន ១៥នាក់បន្ថែមទៀត ដើម្បីពង្រឹកបេសកកម្មដូចជា សាងសង់សំណង់ផ្តេក សាងសង់សំណង់បញ្ឈរ ដោះមីន កំទិចគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជីកអណ្តូងទឹក ជួយជនស៊ីវិលផ្នែកមនុស្សធម៌ និងការពារជនស៊ីវិល នៅតំបន់មានជម្លោះសង្គ្រាមនៅតំបន់ BRIAជាដើម។
សូមបញ្ជាក់ថា កម្ពុជា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះបានបញ្ជូនកងកម្លាំងសរុបជាង ៨០០០នាក់ ក្នុងនោះមាននារីចំនួន ៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន ៩ប្រទេស ។ ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ កម្ពុជា មានកងទ័ពមួកខៀវចំនួនជិត ៨០០នាក់កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន ៤រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វឹកកណ្តាល និងប្រទេសម៉ាលី៕អត្ថបទ ស៊ុមសុខជា